ប៉ូលីសបាននិយាយថា ក្មេងបួននាក់បានស្លាប់ (ក្មេងប្រុស២នាក់ និងក្មេងស្រី២នាក់) និងប្រាំនាក់ទៀតរងរបួស បន្ទាប់ពីធ្លាក់ពីលើប្រាសាទខ្យល់ ដែលបានផ្ទុះឡើង បណ្តាលមកពីខ្យល់កន្ត្រាក់ នៅក្នុងប្រទេសអូស្ត្រាលី។ ឧប្បត្តិហេតុនេះបានកើតឡើងនៅសាលាបឋមសិក្សាមួយក្នុងទីក្រុង Devonport រដ្ឋ Tasmania ប្រហែលម៉ោង 10ៈ00 ម៉ោងក្នុងស្រុក ថ្ងៃព្រហស្បតិ៍ (23:00 ថ្ងៃពុធ GMT) ។
ប៉ូលីសនៅ Tasmania បាននិយាយថា ក្មេងៗបានធ្លាក់ពីកម្ពស់ប្រហែល ១០ ម៉ែត្រ។ អាជ្ញាធរមិនបានកំណត់អាយុរបស់ពួកគេទេប៉ុន្តែ បាននិយាយថា ក្មេងទាំងនេះរៀននៅថ្នាក់ទី ៥ ឬទី ៦ ដែលជាធម្មតាសម្រាប់កុមារអាយុពី ១០ទៅ១២ឆ្នាំ។ អ្នករងរបួសត្រូវបានក្រុមគ្រូពេទ្យព្យាបាលនៅនឹងកន្លែងកើតហេតុហើយបញ្ជូនទៅមន្ទីរពេទ្យតាមរយៈឧទ្ធម្ភាគចក្រ។ គេមិនដឹងថាមានកុមារប៉ុន្មាននាក់នៅក្នុងប្រាសាទខ្យល់នោះទេ។ សាលាបឋមសិក្សា Hillcrest បានរៀបចំពិធីជប់លៀងចុងឆ្នាំដល់សិស្ស នៅពេលដែលគ្រោះថ្នាក់នេះបានកើតឡើង។
ស្នងការប៉ូលីស Tasmanian លោក Darren Hine បាននិយាយថា "តាមសេចក្តីរាយការណ៍ មានខ្យល់បក់បោកបានបណ្តាលឱ្យប្រាសាទលោត និងបាល់ឲ្យប៉ើងឡើងលើអាកាស" ។ នាយក រដ្ឋមន្ត្រី អូស្ត្រាលី Scott Morrison បានពណ៌នាឧបទ្ទវហេតុនេះថាជា "ការ សោកស្ដាយ ដែលមិននឹកស្មានដល់"។ ហើយគាត់បានប្រាប់អ្នកយកព័ត៌មានថា "ក្មេងៗនៅថ្ងៃដ៏រីករាយ... ហើយវាប្រែទៅជាសោកនាដកម្មដ៏គួរឱ្យរន្ធត់។ នៅពេលនេះក្នុងឆ្នាំនេះ វានឹងធ្វើឱ្យអ្នកខូចចិត្តកាន់តែខ្លាំង" ។
ក្រោយកើតហេតុ ឪពុកម្តាយត្រូវបានជូនដំណឹងភ្លាមៗ។ អ្នកយកព័ត៌មាន ABC លោក Monte Bovill បានសរសេរថា "ឪពុកម្តាយបានរត់ទៅសាលារៀនដើម្បីទៅយកកូនៗរបស់ពួកគេភ្លាមៗ បន្ទាប់ពីបានទទួលដំណឹងនេះ" ។ ប្រមុខរដ្ឋាភិបាលក្នុងតំបន់ Peter Gutwein កំពុងធ្វើដំណើរទៅសាលារៀននៅភាគខាងជើងនៃរដ្ឋ Tasmania ហើយបាននិយាយថា អាជ្ញាធរនឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ។
Devonport មានទីតាំងនៅឆ្នេរសមុទ្រភាគខាងជើងដាច់ស្រយាលរបស់រដ្ឋ Tasmania គឺជាទីក្រុងកំពង់ផែតូចមួយដែលមានអ្នករស់នៅតិចជាង 30,000 នាក់។ នៅក្នុងប្រទេសដទៃទៀតក៏ធ្លាប់មាន ឧប្បត្តិហេតុ ប្រាសាទលោតផ្លោះស្លាប់ស្រដៀងនេះផងដែរ។ ក្នុងឆ្នាំ 2019 កុមារពីរនាក់បានស្លាប់ និង 20 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងឧបទ្ទវហេតុបែបនេះនៅក្នុងប្រទេសចិន។
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue