ក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធវិស័យទេសចរណ៍កម្ពុជាកាលពីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីស្វាគមន៍ជើងហោះហើរដំបូងរបស់ក្រុម ហ៊ុនអាកាសចរណ៍ China Eastern Airlines លេខMU2091ចេញពីទីក្រុងសៀងហៃប្រទេសចិន ដែលហោះហើរត្រង់មកកាន់ខេត្តសៀមរាបតាមយន្តហោះប្រភេទA320 ផ្ទុកអ្នកដំណើរជនជាតិចិនចំនួន១៣២នាក់។ ពិធីស្វាគមន៍នេះដឹកនាំដោយលោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការចូលរួមពីមន្ត្រីជំនាញរួមជាមួយរដ្ឋបាលខេត្តសៀមរាបក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។
បដិសណ្ឋារកិច្ចដ៏កក់ក្តៅប្រកបដោយតម្លៃខ្ពស់នេះគឺជាផ្នែកមួយដែលអាចស្តារវិស័យទេសចរណ៍ឡើងវិញតាមរយៈទេសចរអន្តរជាតិជនជាតិចិនបន្ទាប់ពីកម្ពុជារងនូវវិបត្តិកូវីដ-១៩ និងការដករបាំងសូន្យកូវីដរបស់រដ្ឋាភិបាលចិន។ របាយការណ៍ពីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines នឹងធ្វើការហោះត្រង់មកកាន់ខេត្តសៀមរាបជាលក្ខណៈ Regular Flight ដោយហោះហើរក្នុង១សប្តាហ៍ចំនួន៣ជើងគឺនៅថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ។ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាបមានជើងហោះហើរជាមធ្យម២៥០ជើងក្នុង១សប្តាហ៍ និងមានទេសចរអន្តរជាតិជាមធ្យមចំនួនប្រមាណពី១៧០០នាក់ទៅ១៨០០នាក់ក្នុង១ថ្ងៃ។
តាមការព្យាករណ៍ឆ្នាំ២០២៣កម្ពុជាអាចនឹងទទួលទេសចរអន្តរជាតិប្រមាណ៤លាននាក់ក្នុងនោះមានទេសចរចិនប្រមាណពី៨០ម៉ឺនទៅ១លាននាក់ ហើយខេត្តសៀមរាបអាចទទួលទេសចរចិន៣០ភាគរយនៃទេសចរចិនសរុបមកកម្ពុជា។ គួររំលឹកថា កាលពីចុងខែមករាកន្លងទៅកម្ពុជាបានទទួលភ្ញៀវទេសចរចិនជាលើកដំបូងនៅខេត្តព្រះសីហនុចំនួនជាង១០០នាក់ ដែលជាការហោះហើរត្រង់ក្រោយប្រទេសចិនបើករបាំងកូវីដសូន្យ និងជាការមកដល់ក្រោយចូលឆ្នាំចិនផងដែរ។ កាលពីខែមករា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤០ម៉ឺននាក់ក្នុងនោះទេសចរចិនមានប្រមាណ២៥ ០០០នាក់ ដែលចំនួននេះមានការកើនឡើង៩០០ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ខណៈក្នុងខែមករានោះដែរ ជើងហោះហើរដែលចូលមកដល់កម្ពុជាមានចំនួនសរុបជាង១ ៦០០ជើង។ តាមផែនការស្តារទេសចរណ៍ឡើងវិញប្រទេសកម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិចំនួន៤លាននាក់នៅឆ្នាំ២០២៣នេះ និង៧លាននាក់នៅឆ្នាំ២០២៥ខាងមុខ៕