ប្រហែលជាអ្នកចង់ដឹង ឬមានចម្ងល់ថា តើឡានធំជាងគេបំផុតនៅលើពិភពលោកនេះមានពិតឬអត់ ហើយបើមាន តើវាមានរូបរាងបែបណា?ជាការពិត នៅលើភពផែនដីយើងនេះ វាមានរបស់របរ និងវត្ថុចម្លែកៗជាច្រើន ដែលយើងមិនធ្លាប់បានដឹងឬ ឃើញផ្ទាល់នឹងភ្នែក ហើយសម្រាប់វត្ថុខ្លះ យើងសឹងតែមិនជឿថាវាពិតជាមានមែន។ ជាក់ស្តែងដូចជារថយន្តដឹកទំនិញនេះអញ្ចឹង វាមានទំហំធំខ្លាំង និងមានកម្លាំងខ្លាំងលើសរថយន្តដទៃ ហេតុនេះហើយបានជាគេហៅវាថា សត្វម្លែក ឬ រថយន្តដឹកទំនិញយក្ស។ ដូច្នេះដើម្បីដឹងកាន់តែច្បាស់ ថាតើរថយន្តនេះមានទំហំធំ និងកម្លាំងខ្លាំងប៉ុណ្ណា ហើយផលិតនៅប្រទេសណា និងគេប្រើវាសម្រាប់ដឹកអ្វី? ចូរស្វែងយល់ទាំងអស់គ្នា។
រថយន្តនេះមានឈ្មោះថា ប៊េឡាហ្ស ៧៥៧១០ (BELAZ 75710) ជាប្រភេទរថយន្តធំសម្រាប់ដឹកជញ្ជូនរ៉ែ (Mining Truck) ហើយវាត្រូវបានផលិតឡើងនៅក្នុងប្រទេស បេឡារុស្ស (Belarus)។ វាត្រូវបានគេចាត់ទុកថាជារថយន្តដឹកសម្រាម ឬរ៉ែធំជាងគេបំផុតនៅលើពិភពលោកជាមួយនឹងសមត្ថភាពផ្ទុកបាន ៤៩៦ តោន។ វាត្រូវបានគេឌីហ្សាញឡើងសម្រាប់ការដឹកជញ្ជូនថ្មនៅក្នុងលក្ខខ័ណ្ឌនៃការជីកយករ៉ែធ្ងន់ៗ នៃអណ្តូងរ៉ែដែលមានជម្រៅជ្រៅលើផ្លូវដឹកជញ្ជូនតាមបច្ចេកវិទ្យាក្រោមលក្ខខណ្ឌប្រតិបត្តិការអាកាសធាតុចម្រុះ។ ឡានដឹកទំនិញធំៗទាំងនេះផងដែរអាចប្រើប្រាស់នៅក្នុងការសាងសង់សំណង់ឧស្សាហកម្មធំៗ ទំនប់វារីអគ្គិសនី និងការសាងសង់ប្រព័ន្ធផ្លូវហាយវេ ព្រមទាំងនៅក្នុងនាយកដ្ធានបច្ចេកវិទ្យានៃសហគ្រាសឧស្សាហកម្មកែច្នៃ។
វាត្រូវបានផលិតនិងដាក់ឲ្យដំណើរការដោយក្រុមហ៊ុនបេឡារុស្ស Belaz ក្នុងខែតុលា ឆ្នាំ២០១៣ ក្រោមការបញ្ជាទិញពីក្រុមហ៊ុនរុករករ៉ែរុស្ស៊ី។ បន្ទាប់មក ការដាក់លក់រថយន្ត បេឡាហ្ស ៧៥៧១០ ជាច្រើនគ្រឿងត្រូវបានគេរៀបចំចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤។ ឡាននេះមានប្រវែង ២០.៦ ម៉ែត្រ កម្ពស់ ៨.១៦ ម៉ែត្រ និងទទឹង ៩.៨៧ ម៉ែត្រ ហើយទម្ងន់ទទេររបស់រថយន្តគឺ ៣៦០តោន និងនៅពេលដែលវាផ្ទុកពេញអាចមានទម្ងន់ដល់ ៨១០តោន។ Belaz 75710 មានសំបកកង់មិនប្រើបំពង់ មីសែលីន (Michelin) ដែលមានទំហំធំប្រាំបី ហើយមានមា៉ស៊ីនម៉ាស៊ូត ១៦ ស៊ីឡាំងពីរ។ថាមពលរបស់មា៉ស៊ីននីមួយៗគឺ ២,៣០០ សេះ។ យានយន្តនេះប្រើការបញ្ជូនមេកានិចអគ្គិសនីដែលដំណើរការដោយចរន្តឆ្លាស់។ ល្បឿនជាអតិបរមារបស់រថយន្តនេះគឺ ៦៤គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តដឹកទំនិញយក្សនេះ ត្រូវការប្រេងឥន្ធនៈ ១,៣០០ លីត្រ ក្នុង១០០ km។
បកប្រែដោយ៖ ម៉ៅ គុយដង់