ជាថ្មីម្តងទៀត Apple នឹងតម្រូវឱ្យអ្នកធ្វើការនៅក្នុងហាងនៅសហរដ្ឋអាមេរិករបស់ខ្លួនពាក់ម៉ាស់ ខណៈដែលមានការព្រួយបារម្ភអំពីការកើនឡើងនៃករណី Covid-19 និងការរីករាលដាលនៃជំងឺទម្រង់ថ្មី Omicron ។ អ្នកនាំពាក្យក្រុមហ៊ុន Apple លោក Nick Leahy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា "ចំពេលមានការកើនឡើងនៃករណីនៅក្នុងសហគមន៍ជាច្រើន ឥឡូវនេះយើងតម្រូវឱ្យអតិថិជនទាំងអស់ចូលរួមជាមួយសមាជិកក្រុមរបស់យើងក្នុងការពាក់ម៉ាស នៅពេលមកហាងរបស់យើង" ។
ក្រុមហ៊ុនផលិត iPhone បានបន្ធូរបន្ថយតម្រូវការការពាក់ម៉ាសនៅតាមទីក្រុង និងតំបន់មួយចំនួន ដោយផ្អែកលើបទប្បញ្ញត្តិក្នុងស្រុក។ Leahy បាននិយាយថា ការពាក់ម៉ាស គឺជាកាតព្វកិច្ចនៅហាងប្រហែលពាក់កណ្តាល មុនពេលការផ្លាស់ប្តូរគោលការណ៍នៅសប្តាហ៍នេះ។
Apple បានផ្លាស់ប្តូរគោលការណ៍ហាងរបស់ខ្លួនជាច្រើនដងមកហើយ ក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ Covid-19 ដូចជាការបិទ ការបើកវិញ និងការបិទហាងឡើងវិញជាច្រើនដង។ អាជីវកម្មផ្សេងទៀតរបស់សហរដ្ឋអាមេរិករួមទាំង Walmart (WMT), Starbucks (SBUX) និង McDonald's (MCD) ក៏បានបញ្ចូលការពាក់ម៉ាសរបស់ពួកគេឡើងវិញកាលពីដើមឆ្នាំនេះ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺទម្រង់ថ្មី Delta ផងដែរ។
រដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិកដូចជា California និង New York ក៏បានដាក់ឱ្យប្រើប្រាស់ម៉ាស់ជាបណ្តោះអាសន្ននៅក្នុងផ្ទះផងដែរ ប៉ុន្តែទីក្រុង New York បានផ្តល់ការលើកលែងសម្រាប់អាជីវកម្មដែលទាមទារភស្តុតាងនៃការទទួលការចាក់វ៉ាក់សាំង។
អត្ថបទដកស្រង់ពី Rishi Lyengar
បកប្រែនិងកែសម្រួលដោយ Mr. Blue