ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបជាង១៤,០០០ច្បាប់ ខណៈក្រសួង-ស្ថាប័ន ចំនួន១០ និងរាជធានី-ខេត្ត ចំនួន១៩ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល១០០ភាគរយ។
សេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានទទួលឯកសារប្រកាសសរុបចំនួន ១៤,០៩៩ច្បាប់។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% រួមមាន៖១.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ២.ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៣.ក្រសួងកិច្ចការនារី ៤.ស្ថាប័នប្រឆាំងអំពើពុករលួយ ៥.ក្រសួងសាធារណការ និង ដឹកជញ្ជូន ៦.ក្រសួងព្រះបរមរាជវាំង ៧.អាជ្ញាធរសវនកម្មជាតិ ៨.ធនាគារជាតិនៃកម្ពុជា ៩.ក្រសួងបរិស្ថាន និង ១០.ក្រសួងយុត្តិធម៌ ។
ចំណែករាជធានី-ខេត្ត រួមមាន៖ ១.ខេត្តមណ្ឌលគិរី ២.ខេត្តពោធិ៍សាត់ ៣.ខេត្តកំពង់ចាម ៤.ខេត្តត្បូងឃ្មុំ ៥.ខេត្តរតនគិរី ៦.ខេត្តស្វាយរៀង ៧.ខេត្តក្រចេះ ៨.ខេត្តបន្ទាយមានជ័យ ៩.ខេត្តតាកែវ ១០.ខេត្តកែប ១១ខេត្តកណ្តាល ១២.ខេត្តកោះកុង ១៣.រាជធានីភ្នំពេញ ១៤.ខេត្តព្រះសីហនុ ១៥ខេត្តកំពង់ធំ ១៦.ខេត្តសៀមរាប ១៧ខេត្តកំពត ១៨.ខេត្តប៉ៃលិន និង១៩.ខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវបានធ្វើឡើងតាមរបប២ឆ្នាំម្ដង គិតចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែមករា ឆ្នាំ២០២២។
សមាសភាពដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល រួមមាន៖
-មន្រ្តីរាជការស៊ីវិលដែលមានឋានៈចាប់ពីប្រធាននាយកដ្ឋាន និងមន្រ្តីយោធា កងរាជអាវុធហត្ថ កងនគរបាលជាតិ ដែលមានឋានន្តរស័ក្កចាប់ពីវរសេនីយ៍ឯកឡើងទៅ។
-មន្រ្តីសាធារណៈដែលមានអាណត្តិជ្រើសតាំងដូចជា៖ សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់,សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល។
- ចៅក្រមអាសនៈ ចៅក្រមអយ្យការ សារការី ក្រឡាបញ្ជី និងអាជ្ញាសាលា៕
អត្ថបទ៖លាង ឡា