កំពង់ស្ពឺ៖ បេក្ខជនសិស្សនិទ្ទេស A ចំនួន៣៣នាក់ ក្នុងខេត្តកំពង់ស្ពឺ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានទទួលនូវម៉ូតូម្នាក់១គ្រឿង ម៉ាកហុងដា ម៉ាក Beat ១១០CC ស៊េរី ២០២២ តាមការសន្យារបស់អភិបាលខេត្ត។
នៅក្នុងពិធីប្រគល់ម៉ូតូជូនសិស្សទាំង៣៣នាក់ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងនូវការអនុវត្តតាមការសន្យារបស់ខ្លួន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសដែលលោកបានទៅចូលរួមកាត់កញ្ចប់វិញ្ញាសារនៅមណ្ឌលប្រឡងវិទ្យាល័យកំពង់ស្ពឺ។
អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា តាមលទ្ធផលដែលប្រកាសដោយក្រសួងអប់រំ យុវជន និង កីឡា សម្រាប់ខេត្តកំពង់ស្ពឺ មានបេក្ខជនបានដាក់ពាក្យសុំប្រឡងចំនួន ៤,៥៥៥នាក់ ក្នុងនោះទទួលបាននិទ្ទេស A ចំនួន ៣៣នាក់ និទ្ទេស B ចំនួន ១៥៣នាក់ និទ្ទេស C ចំនួន ៤៥៦នាក់ និទ្ទេស D ចំនួន ៩៨៥នាក់ និទ្ទេស E ចំនួន ១៣៥២នាក់៕