នៅពេលអ្នកចង់រកទិញរថយន្តថ្មីៗ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការស្គាល់បច្ចេកវិទ្យាទំនើបៗរបស់រថយន្តជាពិសេស ប្រភេទ SUV រថយន្តដឹកទំនិញ និងរថយន្តធុនតូច។ ខាងក្រោមនេះគឺជាបច្ចេកវិទ្យារថយន្តល្អបំផុតទាំង៨ ប្រចាំឆ្នាំ ២០២២។
1. ប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ (Advanced Driver Assistance Systems)
វាជាប្រព័ន្ធមួយប្រភេទដែលជួយធានាថាអ្នកអាចដឹងនៅពេលដែលរថយន្តរបស់អ្នកឋិតនៅទីកន្លែងងងឹត ឬពិបាកមើល ហើយអាចធានាឲ្យអ្នកនូវចម្ងាយសុវត្ថិភាពមួយពីឡាននូវពីមុខអ្នក និងអាចជួយការពាររថយន្តរបស់អ្នកពីការរអិលចូលទៅខុសគន្លងផ្លូវ។ ឥឡូវនេះវាគឹជាឧបករណ៍ស្តង់ដារដែលមានបំពាក់នូវលើគ្រប់រថយន្តថ្មីទាំងអស់។ ប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ទាំងអស់នេះច្រើនតែមាននៅក្នុងឈុតសុវត្ថិភាពជាកញ្ចប់។
2. ហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ (Automatic Emergency Braking)
ប្រព័ន្ធហ្វ្រាំងនេះ អាចជួយការពារអ្នកបានយ៉ាងល្អ ជាពិសេសនៅពេលដែលរថយន្តរបស់អ្នកដឹងថា ការប៉ះទង្គិចជិតមកដល់ AEB ធ្វើឲ្យហ្រ្វាំងរថយន្តរបស់អ្នកសកម្មឡើង ដែលអាចជៀសវាង ឬ កាត់បន្ថយគ្រោះថ្នាក់បាន។ ហ្រ្វាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ អាចមានប្រតិកម្មលឿនជាងមនុស្ស ហើយអាចចាប់ផ្តើមដំណើរការមុនពេលអ្នកជាន់ហ្វ្រាំង។ ម្យ៉ាងវិញទៀត នៅពេលដែលអ្នកកំពុងតែជាន់ហ្វ្រាំង ហើយចង់ឈប់ងក់ភ្លាមៗ AEB ក៏អាចជួយធ្វើឲ្យអ្នកឈប់បានដោយសុវត្ថិភាពផងដែរ ហើយសម្រាប់ក្រុមហ៊ុនផលិតរថយន្តភាគច្រើន ឧបករណ៍ស្តង់ដារទាំងនេះត្រូវបានគេដាក់ភ្ជាប់រួចបាត់ទៅហើយនៅក្នុងរថយន្តរបស់ពួកគេ។
3. បានភ្ជាប់កម្មវិធីទូរស័ព្ទ/សោឌីជីថល (Connected Mobile Apps/Digital Key)
Cell Phone គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់យើង ហើយក្រុមហ៊ុនឡានភាគច្រើនមាន App ដែលអ្នកអាច download សម្រាប់ឡានរបស់អ្នក ក៏ប៉ុន្តែ ប្រព័ន្ធ App ដែលទំនើបបំផុតនោះគឺ ជាប្រព័ន្ធដែលអ្នកអាច ចាក់សោរ និងដោះសោរពីចម្ងាយបាន ពិនិត្យមើលប្រេង និងសម្ពាធសំបកកង់ ហើយថែមទាំងអាចចាប់ផ្តើមដំណើរការរថយន្តពីចម្ងាយផងដែរ។ ចំណែកឯសោឌីជីថលមានវិធានការសុវត្ថិភាពបន្ថែមដែលភ្ជាប់តែទូរស័ព្ទរបស់អ្នកទៅហ្នឹងរថយន្តរបស់អ្នក។ ជាមួយនឹងសោឌីជីថល អ្នកអាចកាន់ស្មាតហ្វូនចុចនៅជិតទា្វឡាន ដើម្បីចាក់សោ និងដោះសោរថយន្តរបស់អ្នក ហើយជាពិសេសអ្នកអាចបើករថយន្តបានដោយគ្រាន់តែចុចទូរស័ព្ទ។
4. បច្ចេកវិទ្យាអ្នកបើកបរវ័យក្មេង (Teen Driver Tech)
បចេ្ចកវិទ្យានេះត្រូវបានគេបង្កើតឡើងសម្រាប់អ្នកបើកបរវ័យក្មេង ឬ អ្នកទើបនឹងរៀនបើកបរ ហើយជាពិសេសគឺឈុត GM សម្រាប់ក្មេងជំទង់។ វាមានសារៈសំខាន់ដូចជា ការជូនដំណឹងអ្នកឲ្យដឹង នៅពេលអ្នកបើកលើសល្បឿនកំណត់ និងប្រាប់អ្នកប្រសិនបើក្រវាត់សុវត្ថិភាពមិនបានពាក់ឲ្យបានត្រឹមត្រូវ។
5. ជំនួយការចាកចេញដោយសុវត្ថិភាព ដើម្បីជួយការពារអ្នកជិះកង់ (Safe Exit Assist to Protect Cyclists)
លក្ខណៈពិសេសរបស់កម្មវិធីនេះគឺជួយប្រាប់អ្នកឲ្យដឹងនៅពេលអ្នកចាកចេញតាមរយៈឧបករណ៍ចាប់សញ្ញាមើលខាងក្រោយ ដើម្បីរកមើលកង់ ម៉ូតូ ឬ រថយន្តនៅខាងក្រោយ។
6. ការតភ្ជាប់ស្មាតហ្វូនឥតខ្សែ និងការសាកថ្ម (Wireless Smartphone Connectivity and Charging)
ការភ្ជាប់ស្មាតហ្វូនឥតខ្សែ និង ការសាកថ្មគឺជាវិធីដ៏ល្អមួយដើម្បីផ្តាច់តំបន់ជុំវិញឧបករណ៍ប្តូរបញ្ជូន។ ដោយសារការសាកឥតខ្សែប្រើបន្ទះសាកកន្លែងនោះនៅក្នុងរថយន្តប្រើជាកន្លែងផ្ទុកងាយស្រួលសម្រាប់ទូរសព្ទរបស់អ្នក។ ដូច្នេះនៅពេលអ្នកទិញរថយន្តសូមរកមើលយានជំនិះណាដែលមានសមរម្យ ហើយមានផ្តល់ទាំងការភ្ជាប់ឥតខ្សែ និងការសាកថ្ម។
7. កាមេរ៉ា 360 ដឺក្រេ (360-Degree Camera)
វាជាបច្ចេកវិទ្យាពេញនិយម និងទំនើប ហើយមានលក្ខណៈពិសេសជាច្រើនដូចជា វាអាចជួយឲ្យអ្នកងាយស្រួលក្នុងការចតរថយន្ត បត់នៅកន្លែងចង្អៀត និង ជួយបញ្ចៀសរថយន្តរបស់អ្នកពីការប៉ះទង្គិចគ្នានៅពេលថយក្រោយជាដើម។
8. សេវាសង្គ្រោះបន្ទាន់/កម្មវិធីតាមដានយានយន្តដែលត្រូវគេលួច (Emergency Services/Stolen Vehicle Tracking Software)
ប្រព័ន្ធបច្ចេកវិទ្យានេះវិញអាចជួយឲ្យអ្នកអាចស្វែងរកឃើញរថយន្តរបស់អ្នកដែលត្រូវបានគេលួចមកវិញយ៉ាងលឿន តាមរយៈប្រព័ន្ធតាមដានដែលភ្ជាប់ជាមួយនឹងរថយន្ត និងការកំណត់ទីតាំងជាដើម៕
បកប្រៃដោយ៖ ម៉ៅ គុយដង់