1. តំណាងសភាអឺរ៉ុបព្រមានហុងគ្រីមិនសមនឹងកាន់តំណែងប្រធានសហភាពអឺរ៉ុប
យោងតាមសារព័ត៌មាន EURACTIV ចុះផ្សាយថ្ងៃទី២៦ ខែឧសភាបានអោយដឹងថា MEPs រឺតំណាងសភាអឺរ៉ុបបានព្រមាននៅសប្តាហ៍នេះថា ការបំពានច្បាប់ EUជាច្រើនរបស់ហុងគ្រី ធ្វើឱ្យប្រទេសនេះមិនសមក្នុងការកាន់តំណែងជាប្រធានប្តូរវេនរបស់ប្លុកនេះនៅឆ្នាំ 2024 ទេ។ ជាការឆ្លើយតប អ្នកនាំពាក្យរដ្ឋាភិបាលហុងគ្រី លោក Zoltan Kovacs បានចោទប្រកាន់ MEPsពី"ការចោទប្រកាន់ចាស់គំរិលដែលថាហុងគ្រីបានរំលោភលើគោលការណ៍មូលដ្ឋានរបស់ EU ហើយដូច្នេះមិនអាចកាន់តំណែងជាប្រធានបាន" ។ លោកបានបន្ថែមថា“ប៉ុន្តែយើងដឹងពីហេតុផលជាក់ស្តែង៖ដោយពួកគេគ្រាន់តែមិនពេញចិត្តជំហរគាំទ្រសន្តិភាពរបស់ហុងគ្រីតែប៉ុណ្ណោះ ហើយព្យាយាមជំរុញយើងឱ្យធ្លាក់ចូលទៅក្នុងជម្លោះដែរ” ដោយយោងទៅលើជំហររបស់ប្រទេសហុងគ្រីគាំទ្រការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ដែលបានឃើញថាទីក្រុង Budapest បានបោះឆ្នោតប្រឆាំងនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី រួមទាំងប្រឆាំងនឹងជំនួយផ្នែកយោធា និងមនុស្សធម៌បញ្ជូនមកកាន់អ៊ុយក្រែនផងដែរ។
2. ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីជាប់គាំងនៅជុំវិញការតវ៉ារបស់ក្រិច និងហុងគ្រី
យោងតាមសារព័ត៌មាន POLITICO ចុះផ្សាយថ្ងៃទី២៦ ខែឧសភាបានអោយដឹងថា បន្ទាប់ពីការដើរតួនាទីម្នាក់ឯងក្នុងការប្រឆាំងនឹងទណ្ឌកម្មរបស់រុស្ស៊ី ឥឡូវនេះទីក្រុង Budapest ទទួលបានការគាំទ្រម្ខាងទៀតពីទីក្រុង Athens របស់ក្រិចដែរនៅក្នុងការសង្ស័យរបស់ខ្លួនចំពោះវិធានការថ្មីបំផុតប្រឆាំងនឹងប្រទេសរុស្ស៊ី។ បច្ចុប្បន្ននេះសហភាពអឺរ៉ុបកំពុងពិភាក្សាអំពីកញ្ចប់ទណ្ឌកម្មលើកទី 11 របស់ខ្លួនប្រឆាំងនឹងរុស្ស៊ីបន្ទាប់ពីការចាប់ផ្តើមនៃការលុកលុយពេញលេញរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែនកាលពីជាងមួយឆ្នាំមុន។ ទីក្រុង Kyiv បានចងក្រងបញ្ជីក្រុមហ៊ុនឯកជនមួយចំនួនដែលខ្លួនហៅថាជា "អ្នកឧបត្ថម្ភដល់សង្រ្គាម" ដែលក្នុងនោះរួមមានក្រុមហ៊ុនប៉ែកអឺរ៉ុបមួយចំនួនផងដែរ។ ប្រទេសហុងគ្រី និងក្រិចចង់ឱ្យក្រុមហ៊ុនមួយចំនួនរបស់ពួកគេបាត់ចេញពីបញ្ជីនេះ នៅមុនពេលដែលពួកគេអាចនឹងយល់ព្រមដល់សំណើកញ្ចប់ទណ្ឌកម្មនេះផងដែរ។ ខណៈពេលដែលបញ្ហាទាំងនេះជាទូទៅមិនធ្លាប់បង្ករឿងរ៉ាវពាក់ព័ន្ធពីមុនមកទេ ប៉ុន្តែហុងគ្រី និងក្រិចកំពុងប្រើប្រាស់កញ្ចប់ទណ្ឌកម្មនេះជាប្រយោជន៍ដល់ឥទ្ធិពលនយោបាយ ដើម្បីជំរុញការដកក្រុមហ៊ុនរបស់ពួកគេចេញពីបញ្ជីរបស់អ៊ុយក្រែន។
3. សង្គ្រាមអ៊ុយក្រែនខិតទៅរកខាងរុស្ស៊ី
យោងតាមសារព័ត៌មាន 19fortyfive ចុះផ្សាយថ្ងៃទី២៧ ខែឧសភាបានអោយដឹងថា ភ័ស្តុតាងថ្មីៗបង្ហាញថាភាគីរុស្ស៊ីបានធ្វើឱ្យប្រសើរឡើងនូវយុទ្ធសាស្ត្រ និងប្រតិបត្តិការដែលកំពុងមានប្រសិទ្ធភាពបង្កផលប៉ះពាល់មកលើទឹកដីរបស់អ៊ុយក្រែន។ ផែនការប្រយុទ្ធដំបូងរបស់រុស្ស៊ីមានកំហុសនៅក្នុងកម្រិតយុទ្ធសាស្ត្រ ប្រតិបត្តិការ និងតាក់តិច។ ទីក្រុងមូស្គូបានបែងចែកកម្លាំងលុកលុយដែលមានទំហំតូចពេកសម្រាប់ភារកិច្ច ហើយមិនត្រូវបានបំពាក់ជាមួយនឹងឧបករណ៍ផ្គត់ផ្គង់សំរាប់ទ្រទ្រង់សង្រ្គាមក្នុងរយៈពេលយូរនោះទេ។ ចំណែកអ៊ុយក្រែនវិញបានត្រៀមខ្លួនច្រើនជាងសំរាប់ការឈ្លានពានជាងការរំពឹងទុក ហើយបានចាត់វិធានការដ៏គួរឱ្យចាប់អារម្មណ៍យ៉ាងឆាប់រហ័សដើម្បីរារាំងការឈានទៅមុខរបស់រុស្ស៊ី និងបង្កឱ្យមានជនរងគ្រោះយ៉ាងធ្ងន់ធ្ងរមកលើក្រុមពួកអ្នកឈ្លានពានផងដែរ។ យ៉ាងណាមិញ អ្វីដែលអ្នកវិភាគទាំងនេះមិនបានទទួលស្គាល់នោះ គឺរុស្ស៊ីមានសមត្ថភាពច្រើនជាងក្នុងការធ្វើសង្រ្គាម ទាំងសម្ភារៈ និងធនធានមនុស្ស ដូច្នេះហើយទើបមានសមត្ថភាពស្រូបយកការខាតបង់យ៉ាងច្រើន ហើយនៅតែអាចសម្រេចបាន។ លើសពីនេះ ប្រវត្តិសាស្ត្ររុស្ស៊ីគឺសំបូរទៅដោយឧទាហរណ៍នៃការចាប់ផ្តើមមិនសូវល្អក្នុងសង្គ្រាម ទទួលរងនូវការបាត់បង់ជីវិតយ៉ាងច្រើន ហើយបន្ទាប់មកបានងើបឡើងវិញ ដើម្បីកែប្រែរបត់នៃសង្គ្រាម។ ផ្ទុយមកវិញ អ៊ុយក្រែនមានធនធាន ឬកងទ័ពតិចជាងគួរឱ្យកត់សម្គាល់ ដូច្នេះហើយគឺតែងតែមានចន្លោះតិចជាងសម្រាប់កំហុសផងដែរ។