លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានលើកឡើងថា ការប្រកាសរបស់គណបក្សភ្លើងទៀន ឱ្យត្រៀមកម្លាំង ដើម្បីធ្វើការតវ៉ាអ្វីនោះ គឺជាការខុសធ្ងន់ធ្ងរណាស់ ដែលសូម្បីតែលោកមានការសោកស្តាយដែរ ពីព្រោះការប្រកាសនោះ មិនបានយកបញ្ញាមកប្រើទេហើយជាការធ្វើឡើងតក់ក្រហល់ និងរញ៉េរញ៉ៃ។ ការលើកឡើងរបស់លោក សុន ឆ័យ បន្ទាប់ពីគណបក្សភ្លើងទៀន ចេញសេចក្តីប្រកាសមួយកាលពីថ្ងៃទី១២ ខែឧសភា ថា នឹងប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រ នៅទូទាំងប្រទេស ដើម្បីតវ៉ាប្រឆាំង ក្នុងករណីដែលគ.ជ.ប បដិសេធមិនព្រមចុះបញ្ជីគណបក្សភ្លើងទៀន ដើម្បីចូលរួមនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខ។ តាមរយវីដេអូខ្លីមួយ ដែលការិយាល័យយើងទើបទទួលបាននៅថ្ងៃទី១៥ ខែឧសភា នេះ លោក សុន ឆ័យ បានរិះគន់កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញសេចក្តីសម្រេចប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក និងសកម្មជនគណបក្សភ្លើងទៀន កាលពីថ្ងៃទី១២ ខែឧសភា ដើម្បីត្រៀមកម្លាំងតវ៉ានោះ។ លោកថា ការសម្រេចរបស់កិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សភ្លើងទៀននោះ លោកមិនបានចូលរួមប្រជុំទេ ហើយត្រូវបានលោក សុន ឆ័យ ចាត់ទុកថា ធ្វើឡើងដោយក្រុមខ្វល់ខ្វាយ ដែលមិនសូវយល់ពីការអនុវត្តរដ្ឋបាល។
លោក សុន ឆ័យ ដែលជាអ្នកនយោបាយចាស់វស្សាមួយរូបនៅក្នុងបក្សប្រឆាំងបានលើកឡើងថា គណបក្សប្រឆាំង ត្រូវតែមានការទទួលខុសត្រូវ លើការងារ ដែលយើងធ្វើ បើយើងចង់ឱ្យដំណើរការប្រជាធិបតេយ្យធ្វើទៅរលូន យើងក៏ត្រូវធ្វើតាមអ្វី ដែលជាគោលការណ៍អនុវត្តនៅក្នុងប្រទេសនេះដែរ។
លោក សុន ឆ័យ ថ្លែងយ៉ាងដូច្នេះថា “កាលពីថ្ងៃទី១២ ខែឧសភា មានការប្រជុំគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន ខ្ញុំអត់បានចូលរួមទេ មានការខ្វល់ខ្វាយ គឺក្រុមខ្វល់ខ្វាយ មនុស្សមួយចំនួននៅក្នុងក្រុមដឹកនាំហ្នឹង គាត់អត់មានយល់ពីនីតិវិធីការងារ មិនសូវយល់ពីការអនុវត្តរដ្ឋបាល ហើយគាត់ឆ្លេឆ្លា គាត់អុចអាលឱ្យគណៈកម្មាធិការនាយកមានការសម្រេចថា គេមិនឱ្យដាក់បញ្ជីទេ ដូច្នេះយើងត្រូវមានកម្លាំងដើម្បីធ្វើកូដកម្ម ឬធ្វើអ្វី។ ខ្ញុំមិនបានដឹងទេ ខ្ញុំមិនបានចូលរួមទេ នេះគឺជាទង្វើដែលនាំឱ្យមានបញ្ហានៅថ្ងៃនេះ។ យើងសូមបញ្ជាក់គ្នាថ្ងៃនេះ ទោះបីជាគ្នាតិចក៏ដោយ ខ្ញុំជឿថា ភាគច្រើនជាថ្នាក់ដឹកនាំរាជធានីភ្នំពេញ ខ្ញុំសូមឱ្យយើងមេត្តាធ្វើការងារឱ្យមានការទទួលខុសត្រូវ មិនមែនចង់ឱ្យចង់ឱ្យគណបក្ស ឬរាជរដ្ឋាភិបាលទទួលខុសត្រូវទេ យើងក៏ជាគណបក្សប្រឆាំងនេះក៏ទទួលខុសត្រូវដែរ លើការងារដែលយើងធ្វើ បើយើងចង់ឱ្យដំណើរការនៃការអនុវត្តប្រជាធិបតេយ្យនេះធ្វើទៅរលូន យើងក៏ត្រូវធ្វើទៅតាមអ្វីដែលជាគោលការណ៍”។
លោក សុន ឆ័យ អះអាងថា “ការប្រកាសរបស់គណបក្ស ដែលថា ឱ្យត្រៀមកម្លាំង ដើម្បីធ្វើការតវ៉ាអ្វីនោះ គឺជាការខុសធ្ងន់ធ្ងរណាស់ ដែលសូម្បីតែខ្ញុំ ក៏ខ្ញុំមានការសោកស្តាយដែរ ដែលនាំគ្នាធ្វើ ដោយមិនយកបញ្ញាមកប្រើ។ ធ្វើតាមតែកំហក់កំហុល រញ៉េរញ៉ៃហ្នឹង។ យើងជាគណបក្សធំ លំដាប់ទី២ ហើយយើងជាថ្នាក់ដឹកនាំគណបក្ស គិតរឿង ដែលមិនមែនជារឿងសោះ ឱ្យក្លាយទៅជារឿង ហើយធ្វើបង្កឱ្យរំខានដល់ការងាររបស់យើង”។
បើតាមលោក សុន ឆ័យ លក្ខន្តិកៈរបស់គណបក្សភ្លើងទៀន ដែលបានអនុម័ត ក្នុងសមាជគណបក្សកន្លងមកនោះគឺប្រកាន់យកការស្រុះស្រួល និងការឯកភាពជាតិ ក្នុងការដោះស្រាយ តាមរយៈការសន្ទនាជាមូលដ្ឋាន រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ក្នុងការដោះស្រាយវិបត្តិនយោបាយ វិបត្តិសង្គម វិបត្តិសេដ្ឋកិច្ច និងជម្លោះជាមួយប្រទេសជិតខាង។ ប៉ុន្តែយើងជាថ្នាក់ដឹកនាំ ទៅនាំគ្នាធ្វើផ្ទុយពីគោលនយោបាយ ដែលយើងបានសម្រេច។ ដូច្នេះវាជាកំហុសរបស់យើងដែរ។
ជាមួយគ្នានោះ លោក សុន ឆ័យ បានបន្ថែមថា យើងធ្លាប់ពិសោធន៍ហើយ ការធ្វើបាតុកម្ម មិនបានចំណេញអ្វីទេ ការធ្វើបាតុកម្មទាមទារយកកៅអីមិនយុត្តិធម៌ទេ ហើយការធ្វើបាតុកម្មកន្លងមកមានតែរងគ្រោះ និងជាប់គុកប៉ុណ្ណោះ។ លោកទទួលស្គាល់ថា ដើម្បីធ្វើឱ្យស្រុកមានសុខសន្តិភាព ស្ថិរភាព មិនអាចដឹកនាំប្រទេសរបៀបរញ៉េរញ៉ៃ នាំភាពចលាចលនោះទេ។
គួររំលឹកថា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន របស់គណបក្សភ្លើងទៀនហើយ តែលទ្ធផលយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយទេ៕