នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សចំនួន៣គឺ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ , គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សបំណងពលរដ្ឋ នេះបើតាមការឲ្យដឹងពីគ.ជ.ប។
នៅថ្ងៃច័ន្ទ ទី០៨ ខែឧសភា នេះ គឺជាថ្ងៃចុងក្រោយហើយ សម្រាប់ការទទួលពាក្យចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ រយៈពេល១៥ថ្ងៃ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ហើយការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតនេះ មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។ តាមលទ្ធផលបណ្ដោះអាសន្ននៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ មានគណបក្សនយោបាយសរុបចំនួន១៥ បានដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ក្នុងនោះ មានគណបក្សនយោបាយចំនួន៨ ត្រូវបានសម្រេចទទួលស្គាល់ជាផ្លូវការរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែរអភិរក្ស និងគណបក្សខ្មែរតែមួយ។ ចំណែកគណបក្សនយោបាយចំនួន៧ទៀត កំពុងស្ថិតក្នុងដំណាក់កាលនៃការពិនិត្យរួមមាន៖ គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សបំណងពលរដ្ឋ, គណបក្សស្ត្រីដើម្បីស្រ្តី, គណបក្សខ្មែរឈប់ក្រ, និងគណបក្សភ្លើងទៀន៕