ភ្នំពេញ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ខណៈដំណើរទស្សនកិច្ចនេះ ត្រូវបានរំពឹងថា នឹងបង្កើតឱ្យមានសន្ទុះថ្មី ដល់ទំនាក់ទំនងទ្វេភាគីដំរឹងមាំលើគ្រប់វិស័យ ជាមួយកម្ពុជា។bតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ដ្រី នៃប្រទេសម៉ាឡេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ។ តាមកម្មវិធីដែលបានគ្រោងទុក លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង ហើយនឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជា។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងនាយករដ្ឋមន្រ្តីកម្ពុជា នឹងជួបប្រជុំទ្វេភាគី ដើម្បីរិះរករបៀប និងវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្រប់ដណ្តប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ រាប់ចាប់ពីនៅក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម-វប្បធម៌។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា នាយករដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មាន រួមគ្នា៕