សៀមរាប៖ ព្រះអគ្គីជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ត្រូវបានសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា យាងធ្វើធ្វើពិធីព្រះរាជទាន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ យោងតាមកម្មវិធីបានឱ្តដឹងថា ព្រះអគ្គីអាទិទេពកីឡា នឹងត្រូវរក្សាក្នុងចង្កៀងពិសេសមួយនៅវត្តរាជបូណ៌ ខេត្តសៀមរាបដើម្បីរង់ចាំពិធីដង្ហែទៅកាន់បណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើតចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។ ព្រះអគ្គីអាទិទេពកីឡា នឹងត្រូវចាកចេញពីខេត្តសៀមរាប នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្ពោះទៅទីក្រុងហាណូយ ប្រទេសវៀតណាម ហើយនឹងដង្ហែឆ្លងកាត់ប្រទេសជាបន្ដបន្ទាប់ រហូតដល់ប្រទេសឡាវក្រោយគេ មុនត្រឡប់ចូលមកកម្ពុជាវិញ ។
នៅក្នុងដំណើរឆ្ពោះទៅពិធីបើកការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជានេះ សម្ដេចពិជ័យសេនា ទៀត បាញ់ បានចាត់តាំងប្រតិភូមួយក្រុម ជាបេសកជនពិសេសតំណាង CAMSOC ដើម្បីធ្វើការជាមួយស្ថានទូត និងស្ថានតំណាងកម្ពុជាប្រចាំប្រទេសនានា រៀបចំពិធីដង្ហែព្រះអគ្គីអាទិទេពកីឡា ចាប់ពីខេត្តសៀមរាប រហូតត្រឡប់មកកម្ពុជាវិញ ឲ្យទទួលបានជោគជ័យ ។ កម្មវិធីដដែលបានឱ្យដឹងបន្តថា បន្ទាប់ពីព្រះអគ្គីអាទិទេពកីឡា ចូលដល់ទឹកដីកម្ពុជា តំណាង CAMSOC និងរដ្ឋបាលខេត្តស្ទឹងត្រែង នឹងត្រូវទទួលព្រះអគ្គីកីឡា ហើយដង្ហែតាមរថយន្ដឆ្ពោះមកខេត្តស្ទឹងត្រែង ហើយសម្រាកនៅទីនោះមួយយប់ មុនបន្ដដំណើរមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ។
ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គីកីឡា នៅបណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត គឺជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គីកីឡា តាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាច់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨៖៣០នាទីយប់ ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង៕