ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យខិតខំដោះស្រាយបញ្ហាទំនាស់នៅមូលដ្ឋាន កុំឱ្យរីករាលដាលធំ ដើម្បីឱ្យប្រជាពលរដ្ឋមានសេចក្ដីសង្ឃឹម និងសេចក្ដីសុខ។
ការជំរុញនេះ បានធ្វើឡើងនៅក្នុងពិធីបុណ្យផ្កាមហាសាមគ្គីកសាងសាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី ស្ថិតនៅ ខេត្តកណ្ដាល ថ្ងៃទី១២មីនា ឆ្នាំ២០២៣កន្លងទៅនេះ។
នៅក្នុងពិធីនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការទុកឱ្យទំនាស់រីកធំហើយដោះមិនចេញ គឺជាឱកាសមួយរបស់អ្នកប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង បានលើកយកនូវឧទាហរណ៍អ្នកលក់ដូរតូចមួយ នៃបណ្ដាប្រទេសខ្លះ អំពីការអនុវត្តមិនបានត្រឹមត្រូវ ជាហេតុបង្កឱ្យមានវឹកវរឈានដល់ការទម្លាក់រាជរដ្ឋាភិបាលទៀតផង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់មន្រ្តីពាក់ព័ន្ធកុំមើលស្រាលបញ្ហាទំនាស់តូចតាច តែត្រូវយកចិត្តដោះស្រាយនៅតាមមូលដ្ឋាន ប្រកបដោយយុត្តិធម៌ ដើម្បីស្ថេរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមល្អប្រសើរឡើង៕