កំពង់ធំ៖ រាជរដ្ឋាភិបាលកម្ពុជាប្រកាសធ្វើការសាងសង់ស្ពានឆ្លងទន្លេពីខេត្តកំពង់ឆ្នាំងឆ្ពោះទៅខេត្តកំពង់ធំនៅឆ្នាំ២០២៤ខណៈគម្រោងនេះនឹងក្លាយជាស្ពានដែលមានប្រវែងវែងជាងគេនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រសាសន៍ក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ធំថា គម្រោងសាងសង់ស្ពានឆ្លងពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ នឹងធ្វើនៅឆ្នាំ២០២៤ខាងមុខនេះ។
សម្តេចតេជោបានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្នការធ្វើដំណើរទៅកាន់ខេត្តក្រចេះកាន់តែងាយស្រួលព្រោះរាជរដ្ឋាភិបាលធ្វើផ្លូវបន្តទៀតពីខេត្តកំពង់ធំទៅទីរួមខេត្តក្រចេះខណៈដែលការបើកការដ្ឋានកសាងស្ពានឆ្លងទន្លេមេគង្គនៅក្រចេះរួចរាល់ហើយ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានឲ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងទន្លេពីខេត្តកំពង់ឆ្នាំងឆ្ពោះទៅខេត្តកំពង់ធំ មានប្រវែង៣៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា។ លោកធ្លាប់មានប្រសាសន៍ឱ្យដឹងដែរថា គម្រោងនេះនឹងប្រើប្រាស់ថវិកាប្រមាណ២៥០លានដុល្លារអាម៉េរិកដោយបែងចែកទៅផ្លូវប្រហែល១៥០លានដុល្លារអាម៉េរិក និងស្ពានប្រហែលជា ១០០លានដុល្លារអាមេរិក៕