បាត់ដំបង៖ ក្រុមហ៊ុនកែច្នៃមួយរបស់ប្រទេសជប៉ុនបានបង្ហាញគោលបំណងក្នុងការដាំដុះស្រូវសាលីនៅលើទឹកដីខេត្តបាត់ដំបង នឹងយកផលិតផលសម្រេចដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងសម្រាប់ធ្វើការនាំចេញ។ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឱ្យដឹងថា លោកជួបពិភាក្សាការជាមួយលោក Nishida Seibaku ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Nishida Baley Processing Co., Ltd មានមូលដ្ឋាននៅប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ។
លោកឱ្យដឹងបន្តថា នៅក្នុងកិច្ចពិភាក្សាបានផ្តោតទៅលើកិច្ចសហការនៃខ្សែច្រវាក់ផលិតកម្មក្នុងការផលិតស្រូវសាលី ដែលនឹងត្រូវកែច្នៃដោយក្រុមហ៊ុនអ្នកជំនាញជប៉ុន Nishida Baley Processing Co., Ltd ដើម្បីផលិតជាផលិតផលសម្រេចក្នុងការនាំចេញ។ ជាមួយគ្នានេះលោក ហេង រតនា បានបញ្ជាក់ថា ផែនការនៃការដាំដុះស្រូវសាលីនេះគ្រោងនឹងយកទៅអនុវត្តដាំដុះនៅមណ្ឌលអភិវឌ្ឍន៍មរតកតេជោ (CDC) ដែលក្រុមអ្នកបច្ចេកទេសជប៉ុនបានចុះទៅពិនិត្យ និងសិក្សាពីភូមិសាស្ត្រដើម្បីវាយតម្លៃពីសក្តានុពលនៃមណ្ឌលមុននឹងឈានទៅដល់ការអនុវត្តគម្រោង៕