ភ្នំពេញ៖ ជនសង្ស័យជាមេខ្យល់ម្នាក់ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់នាគទេព ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីប្រុងនាំពលករមិនស្របច្បាប់ទៅធ្វើការនៅប្រទេសកូរ៉េ។ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយចុះត្រួតពិនិត្យរដ្ឋបាលផ្ទះសំណាក់នាគទេព ហើយបានរកឃើញមានជនរងគ្រោះចំនួន១២៤នាក់(ស្រី៣៩នាក់)។
សមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចសម្រេចនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ តាំ ច័ន្ទទី ហៅ សីហា ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងជនរងគ្រោះចំនួន៧នាក់ (ស្រី២នាក់) មកកាន់ការិយាល័យដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ។ តាមការបំភ្លឺរបស់ជនរងគ្រោះបានឲ្យដឹងថា ពួកគេបានខាតបង់ប្រាក់ដែលបានឲ្យទៅជនសង្ស័យខាងលើក្នុងម្នាក់ៗចន្លោះពី៦០០ដុល្លារ ទៅ៨០០ដុល្លារ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីច្បាប់៕