ភ្នំពេញ៖ ពិធីបើកជាផ្លូវការបុណ្យទន្លេលើកទី៧នៅខេត្តកំពង់ធំ នឹងធ្វើឡើងនៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅចំណុចសួនច្បារស្ទឹងសែន។ ពិធីបុណ្យទន្លេលើកទី៧ នាឆ្នាំ២០២៣នេះ នឹងរៀបចំឡើងក្រោមក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្កានុពលទេសចរណ៍ខេត្តតាមដងទន្លេ។
នៅក្នុងពិធីបុណ្យទន្លេនេះដែរក្រសួងពាក់ព័ន្ធ និងអាជ្ញាធរបានរៀបចំការផ្សព្វផ្សាយនូវទស្សនីយភាព សិល្បៈ ផលិតផលទេសចរណ៍តំបន់ទេសចរណ៍ខេត្តតាមដងទន្លេ និង ការតាំងពិពរណ៍ផលិតផលទេសចរណ៍។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងក្នុងសារលិខិតអបអរពិធីបុណ្យទន្លេលើកទី៧ថា ទឹកទន្លេជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិតជាទីកន្លែងដែលបណ្តុះបណ្តាល និងពូនជ្រុំនូវ វប្បធម៌ និងអរិយធម៌។
រាជរដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យទន្លេ ដែលបានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជាមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ សម្តេចតេជោបានមានប្រសាសន៍លើកឡើងដែរថា ទន្លេក៏បានរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាពសាមគ្គីភាពរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌតំបន់នានាដូចជាក្របខ័ណ្ឌ CLMV ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) មេគង្គ-ជប៉ុន មេគង្គ-ឡានឆាង មេគង្គ-កូរ៉េ និងមេគង្គ-គង្គា ជាដើម៕