ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំដល់មន្រ្តីនគរបាលជាតិ អនុវត្តពង្រឹងការងារ និងបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈនិងឥរិយាបថថ្លៃថ្នូរ។ការណែនាំនេះ បានធ្វើឡើងក្នុងមិទ្ទិញអបអរសាទរខួបលើកទី១១២ ទិវាអន្ដរជាតិនារី ៨មីនា និងកិច្ចប្រជុំផ្សព្វផ្សាយការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានផ្ដល់អនុសាសន៍សម្រាប់ឱ្យកម្លាំងនគរបាលទូទាំងប្រទេសអនុវត្ត ក្នុងនោះត្រូវបន្ដប្រយុទ្ធប្រឆាំងបទល្មើស ទាំងបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្ដ្រី និងកុមារ តាមគ្រប់ទម្រង់ ត្រូវកាត់បន្ថយបទល្មើស បង្កើនភាពកក់ក្ដៅ កាត់បន្ថយការភ័យខ្លាចរបស់ប្រជាពលរដ្ឋ រួមមាន យកចិត្តទុកដាក់លើបញ្ហាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។នាយឧត្តមសេនីយ៍ នេត សាវឿន បានជំរុញឱ្យនគរបាលប៉ុស្ដិ៍រដ្ឋបាល ត្រូវអនុវត្តឲ្យបានពេញលេញប្រកបដោយប្រសិទ្ធភាពនូវការងារនគរបាល និងសហគមន៍ ព្រមទាំងជំរុញការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលប៉ុស្ដិ៍ និងផ្លាស់ប្ដូរឥរិយាបថ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយត្រូវពង្រឹងការងារប្រចាំបញ្ជា និងអន្ដរាគមន៍ ត្រូវត្រៀមលក្ខណៈសម្បត្តិជាប្រចាំ ដើម្បីចេញសង្គ្រោះនៅពេលមានហេតុការណ៍ និងគ្រប់គ្រងស្ថានការណ៍ នៅពេលមានហេតុការណ៍កើតឡើងផងដែរ៕