កំពង់ចាម៖ គ្រូសីលម្នាក់ មានងារជាឧកញ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមដីកា ស្ថាពររបស់សាលាឧទ្ធរណ៍ ខេត្តត្បូងឃ្មុំ ពីបទ «ឆបោក» ។ នគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា ជនសង្ស័យឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល អាយុ៥៦ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង ១១៖៣០នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ពីបទ «ឆបោក» កាលពីអំឡុងឆ្នាំ២០១៥,២០១៦ និងឆ្នាំ២០១៧។
របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ក្នុងពេលកិច្ចប្រតិបត្តិការ កម្លាំងជំនាញ រកឃើញអាវុធខ្លីចំនួន៥ដើម រួមមាន៖ ម៉ាកឡុក CF98 ពណ៌ខ្មៅ ចំនួន៣ដើម, ម៉ាក K59 ពណ៌ខ្មៅ ចំនួន ១ដើម និងម៉ាក CZ75 ពណ៌ខ្មៅ ចំនួន១ដើម) រួមទាំងប័ណ្ណសម្គាល់អាវុធខ្លីផុតសុពលភាពចំនួន១៥សន្លឹក ចន្លោះពីឆ្នាំ២០០៧ និង២០០៨។ ជាមួយគ្នានេះ សមត្ថកិច្ចប្រមូលបានគ្រាប់កាំភ្លើងចំនួន ២៥៩គ្រាប់ (គ្រាប់K59 ចំនួន ៤៩គ្រាប់ និងគ្រាប់ឡុក ចំនួន២១០គ្រាប់) រួមទាំងសាន់តារ៉ុង ចំនួន០៦, ម៉ាស៊ីនផ្ទុករូបភាពកាំម៉ារ៉ាសុវត្ថិភាពចំនួន០២គ្រឿង, ខ្នោះដៃចំនួន០៥គូ និងស្រោមខ្នោះចំនួន០៤ផងដែរ៕