ភ្នំពេញ៖ ជនសង្ស័យចំនួន៥១នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៣ករណីនៅទូទាំងប្រទេសកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។ យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៥១នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនក្នុងនោះរួមមាន៖ ការជួញដូរ៧ករណីឃាត់ខ្លួន១៦នាក់(ស្រី២នាក់) និងការប្រើប្រាស់៦ករណីឃាត់ខ្លួន៣៥នាក់(ស្រី៧នាក់) ។ របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន (Ice) ទម្ងន់៩៩៨,១៨ក្រាម, កេតាមីន (Ke) ទម្ងន់ ៦,៧៦ក្រាម និងអ៊ិចស្តាស៊ី (mdma) ទម្ងន់៤២,៨៧ក្រាម។
គួរកត់សម្គាល់ដែរថា ក្នុងអំឡុងក្នុងឆ្នាំ២០២២កន្លងទៅសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រមាណ១២០០០នាក់នៅក្នុងរង្វង់ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនជាង៦០០០ករណីនៅទូទាំងប្រទេស និងដកហូតបានសារធាតុញៀនគ្រប់ប្រភេទសរុប១៤តោន៥០៤គីឡូ០៨.៦៦ក្រាម។ ជាមួយគ្នានេះអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ចេញទិសដៅចំនួន៤ចំណុចជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀនឱ្យបានជោគជ័យខណៈនិន្នាការនៃការផលិតការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកលជាពិសេសគ្រឿងញៀនសំយោគ ដែលកំពុងមានការកើនឡើង៕