ភ្នំពេញ៖ ជនដៃដល់ដែលធ្វើសកម្មភាពបាញ់សម្លាប់ប្រពន្ធដែលមានកូនក្នុងផ្ទៃចំនួន៤ខែនៅសង្កាត់រលួស ខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបញ្ជាក់ថា នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣មានករណីឃាតកម្ម ប្តីបាញ់សម្លាប់ប្រពន្ធមួយគ្រាប់ចំក្បាលបណ្តាលឲ្យស្លាប់ទាំងមានកូនក្នុងផ្ទៃចំនួន៤ខែត្រង់ចំណុចភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់។
លោកឱ្យដឹងបន្តថា នៅថ្ងៃដដែលវេលាម៉ោង១៨៖៥០នាទីជនសង្ស័យឈ្មោះ យ័ន គុយហេង ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរគួកជេររថយន្ត ស្នាក់នៅផ្ទះលេខ១៦៨ ផ្លូវKS០៣ បុរីគួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូលខ្លួនមកសារភាពនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង បានឱ្យដឹងបន្តថា ក្នុងចម្លើយសារភាពរបស់ជនដៃដល់បានបញ្ជាក់ថា មូលហេតុដែលឈានដល់ការបាញ់សម្លាប់នេះ គឺដោយសារការប្រច័ណ្ឌ។ បច្ចុប្បន្នកម្លាំងជំនាញនាយកដ្ឋានកំពុងធ្វើការសាកសួរជនសង្ស័យខាងលើ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕