នៅល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនាលើកទី២៥ ដែលពិធីនេះរៀបចំឡើងក្រោមអធិបតីភាពសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការព្រមទាំងសិល្បៈករ សិល្បៈការិនី ប្រមាណជាង៤០០០នាក់ ហើយពិសាអាហារសាមគ្គីផងដែរ នៅមជ្ឈមណ្ឌលកោះពេជ្រ។ មានប្រសាសន៍នៅក្នុងពិធីនោះលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា ពិធីនេះបានរៀបចំឡើងវិញក្រោយពីអាក់ខានរយៈពេល២ឆ្នាំដោយសារការរីករាលដាលនៃជំងឺ Covid-19។ លោកស្រីអះអាងថា ពិធីនេះគឺជាឱកាសមួយឲ្យអ្នកបម្រើផ្នែកវប្បធម៌បានជួបជុំគ្នាសំណេះសំណាលសួរទុក្ខសុខទុក្ខគ្នាទៅវិញទៅមកក៏ដូចជា ដើម្បីទទួលបាននូវអនុសាសន៍ដ៏មានតម្លៃពីប្រមុខរាជរដ្ឋាភិបាលដើម្បីតម្រង់ទិសស្របទៅតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលផងដែរ។
លោកស្រីបានបន្តថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតទិវាវប្បធម៌ជាតិកាលពីឆ្នកាលពីឆ្នាំ១៩៩៩ ដែលបានកំណត់យកថ្ងៃទី៣ ខែមីនា ជាទិវាវប្បធម៌ជាតិ។ ទិវានេះធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញឲ្យមហាជនទូទៅជាពិសេសយុវជនជំនាន់ក្រោយបានចូលរួមក្នុងបំណងធ្វើឲ្យប្រជាជនយើងបានយល់ច្បាស់ពីតម្លៃពិតនៃវប្បធម៌ ស្រឡាញ់ និងចូលរួមអភិរក្សសម្បត្តិវប្បធម៌ជាតិ។
សូមបញ្ជាក់ថា ទិវាវប្បធម៌ជាតិឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌" ដូចឆ្នាំមុនៗដែរ ដើម្បីជំរុញឱ្យយុវជមចូលរួមយ៉ាងសកម្មថែមទៀតលើការងារថែរក្សាវប្បធម៌ជាតិ។ ទិវានេះរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញា និងអាយុជីវិតក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនិងអត្តសញ្ញាណជាតិក្នុងចំណោមប្រជាជនខ្មែរគ្រប់រូបក្នុងគោលបំណងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕