ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែងដើម្បីបង្កបរិយាកាសអំណោយផលដល់ការកសាងជីវភាពគ្រួសារការកសាងអភិវឌ្ឍស្រុក ឃុំ ភូមិ និងប្រទេសជាតិ។ ការអំពាវនាវនេះបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ និងសមិទ្ធផលនានានៃសាលាបឋមសិក្សានិតព្រិល ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។
នៅក្នុងពិធីនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា ការកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនលុះត្រាតែមានសន្តិភាពទើបមានការអភិវឌ្ឍដូចនេះយើងត្រូវចេះស្រឡាញ់សន្តិភាពថែរក្សាសន្តិភាពការពារសន្តិភាព និងអរគុណសន្តិភាព។
ជាមួយគ្នានេះសម្ដេចឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានអំពាវនាវឱ្យបន្តរួមគ្នាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈការអនុវត្តឱ្យបានសកម្មផុលផុសគ្រប់មូលដ្ឋាននូវគោលនយោបាយភូមិ ឃុំមាន សុវត្ថិភាព ក្នុងនោះបញ្ហាដែលត្រូវយកចិត្តទុកដាក់ដោះស្រាយរួមមានបញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទក្មេងទំនើង ចោរប្លន់ប្រដាប់អាវុធ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម៕