អាជ្ញាធរជាតិអប្សរាបានឲ្យដឹងនៅថ្ងៃទី០១ ខែមីនា នេះថា បានដាក់សំណាញ់ការពារសត្វប្រចៀវកុំឱ្យតោងនៅតាមទីតាំងមួយចំនួននៃដំបូលប្រាសាទអង្គរវត្ត។ លោក សយ សុភារិន្ទ អ្នកទទួលបន្ទុកកិច្ចការអភិរក្សនៅប្រាសាទអង្គរវត្តនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការងាររៀបចំដាក់សំណាញ់ការពារសត្វប្រចៀវនៅប្រាសាទអង្គរវត្តក្រុមការងារបានរៀបចំច្រើនកន្លែងមកហើយដូចជា នៅរួតបាកាណ និងរួតព្រះពាន់នៃប្រាសាទអង្គរវត្ត។
ប៉ុន្តែដោយសង្កេតឃើញថា ខ្លោងទ្វារខាងលិចប្រាសាទអង្គរវត្តមានសត្វប្រចៀវមករស់នៅច្រើន ហើយបាននោម និងលាមកធ្វើឱ្យថ្មប្រាសាទពុកផុយ និងធុំក្លិនដល់ភ្ញៀវទេសចរផង។ សូមបញ្ជាក់ថា ការដាក់សំណាញ់ពេលនេះសរុបមានចំនួន១៦0ម៉ែត្រការ៉េ ដែលអនុវត្តក្នុងខែកុម្ភៈ២០២៣ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣៕