ភ្នំពេញ៖ រាជរដ្ឋាភិបាលមានក្តីរំពឹងថា កម្ពុជាអាចនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារពិភពលោកខណៈបច្ចុប្បន្នបាននាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃបានប្រមាណជិតមួយលានតោនក្នុងមួយឆ្នាំ។ មានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត និងនិស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា កម្ពុជាអាចមានលទ្ធភាពក្លាយទៅជាប្រទេសចែកចាយគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារពិភពលោក ខណៈការនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃបានប្រមាណជិតមួយលានតោនក្នុងមួយឆ្នាំ។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងឲ្យដឹងដែរថា ប្រធានាធិបតីចិន ស៊ី ជិនពីង ធ្លាប់បានបង្ហាញសម្តេចគ្រាប់ស្វាយចន្ទីដែលនាំចូលពីកម្ពុជាពេលទទួលទានអាហារួមគ្នានៅប្រទេសចិន អំឡុងពេលទស្សនកិច្ចរបស់សម្តេចនាពេលថ្មីៗនេះ។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា សម្ដេចតែងតែប្រាប់មិត្តភក្តិបរទេស និងអ្នកវិនិយោគបរទេសឲ្យសម្រេចចិត្តវិនិយោគនៅកម្ពុជា និងបានទាក់ទាញឲ្យអ្នកវិនិយោគមកបើករោងចក្រកែច្នៃផលិតផលកសិកម្មនៅកម្ពុជាដើម្បីឲ្យកសិករមានទីផ្សារទទួលបានចំណូលច្រើន។ របាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២០២១-២០២២) បានឱ្យដឹងថា នៅកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបចំនួន៤០៥ ៩៩១ហិកតា ហើយទីផ្សារដ៏ធំបំផុតសម្រាប់គ្រាប់ស្វាយចន្ទីរបស់កម្ពុជាគឺប្រទេសវៀតណាម៕