លោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុនកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលទស្សនកិច្ចនេះ អមដំណើរដោយលោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បើតាមក្រសួងវប្បធម៌ដំណើរទស្សនកិច្ចរបស់លោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) ធ្វើឡើងក្នុងបំណងស្វែងយល់ពីប្រវត្តិ ស-២១ ឬគុកទួលស្លែងតាមរយៈភ័ស្ដុតាង និងស្លាកស្នាមឧក្រិដ្ឋកម្មជាច្រើន ដែលសេសសល់លើទីតាំងរួមទាំងជនរងគ្រោះដែលនៅមានជីវិត។
គួយររំលឹកថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬសារមន្ទីរទួលស្លែងគឺជាសារមន្ទីរមួយនៅទីក្រុងភ្នំពេញសម្រាប់ចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ទីនេះជាអតីតមន្ទីរសន្ដិសុខ២១ហៅកាត់ថា “ស.២១” នៃរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយប៉ុល-ពត (ឈ្មោះដើម សាឡុតស) ពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ មន្ទីរស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និងសម្លាប់ក្រោយពេលបានបំពេញសំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់។ ដើមឡើយទីនេះគឺជាវិទ្យាល័យចៅពញ្ញាយ៉ាតតែត្រូវពួកខ្មែរក្រហមយកធ្វើជាមន្ទីរឃុំឃាំង និងសួរចម្លើយនៅខែសីហា ឆ្នាំ១៩៧៥ គឺរយៈពេល៤ខែ ក្រោយពេលពួកខ្មែរក្រហមឡើងកាន់អំណាច។
មន្ទីរស‑២១ជាមណ្ឌលកណ្តាលដ៏ធំមួយនៃប្រព័ន្ធគុកនៅទូទាំងប្រទេស ហើយគុកនេះក៏ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំងសួរចម្លើយ ធ្វើទារុណកម្ម និងកំទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះ។ ខ្មែរក្រហមចាប់យកអ្នកទោសមកឃុំឃាំងទាំងក្រុមគ្រួសារដោយផ្អែកលើគោលនយោបាយដាក់កំហុសជាប្រព័ន្ធ។ អ្នកទោសមួយចំនួនតូចត្រូវខ្មែរក្រហមដោះលែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរស-២១នៅក្រោមការគ្រប់គ្រងរបស់ខ្លួនចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយក្នុងចំណោមនោះមានតែជនរងគ្រោះ១២នាក់តែប៉ុណ្ណោះ ដែលមានជីវិតនៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញ។ ក្នុងចំណោមជនរងគ្រោះ១២នាក់មានកុមារ៤នាក់។
ដោយសាតែសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោកទាក់ទងប្រវត្តិសាស្រ្តដ៏ជូចត់នៅកម្ពុជាភ្ញៀវបរទេសដែលមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាតែងតែឆ្លៀតពេលទៅកាន់ទីតាំងនេះដើម្បីមើលឲ្យឃើញជាក់ស្តែងតាមរយៈភ័ស្ដុតាង និងស្លាកស្នាមឧក្រិដ្ឋកម្មជាច្រើន ដែលនៅសេសសល់លើទីតាំងរួមទាំងជនរងគ្រោះដែលនៅមានជីវិតពីស-២១ ឬគុកទួលស្លែងនេះ។
ចំណែកលោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមពិធីចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន៣.៩៨៦លានយ៉េន (ប្រមាណ៣០,៦លានដុល្លារអាមេរិក) ដើម្បីអនុវត្ត “គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង” ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានោះក៏ចង់ដឹងចង់ស្គាល់ពីប្រវត្តិស-២១ ឬគុកទួលស្លែងនេះផងដែរ៕