ដើម្បីដំណើការកិច្ចប្រជុំនេះឲ្យទទួលបានជោគជ័យកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូរ ជាមួយលោកស្រី Dee Sovimol នាយកប្រតិបត្តិការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) និងតំណាងធនាគារអភិវឌ្ឃន៍អាស៊ី (ADB) ដើម្បីពិនិត្យមើលលើបច្ចុប្បន្នភាពលើការត្រៀមរៀបចំកិច្ចប្រជុំនេះ។ បើតាមក្រសួងទេសចរណ៏វេទិការទេសចរណ៍មេគង្គ ឆ្នាំ២០២៣ (Mekong Tourism Forum 2023) និងកិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គ (51st GMS Tourism Working Group) នឹងប្រព្រឹត្តចាប់ពីថ្ងៃទី២៤ ដល់២៨ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ Independent Hotel ខេត្តព្រះសីហនុ។
តាមរយៈកិច្ចពិភាក្សានោះអង្គប្រជុំបានឯកភាពគ្នាលើរបៀបវារៈចុងក្រោយសម្រាប់កិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គកិច្ចប្រជុំក្រុមការងារគម្រោង ADB និងកិច្ចប្រជុំក្រុមប្រឹក្សាការិយាល័យទេសចរណ៍មេគង្គ (MTCO Board’s Meeting) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ និងបានពិនិត្យ និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងកម្មវិធីវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដោយបានបញ្ចូលវាគ្មិនជាតិ និងអន្តរជាតិសំខាន់ៗដើម្បីពិភាក្សាលើប្រធានបទទេសចរណ៍សំខាន់ដោយផ្តោតលើបច្ចេកវិទ្យាថ្មីៗការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍។
ជាមួយគ្នានោះអង្គប្រជុំបានឯកភាពគ្នាលើយន្តការនៃការផ្សព្វផ្សាយវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ដោយបានរៀបចំបង្កើតគេហទំព័រសម្រាប់ផ្សព្វផ្សាយ និងចុះឈ្មោះអ្នកចូលរួម តាមរយៈ https://mekongtourism.org/program-cambodia/ ការរៀបចំបដាផ្សព្វផ្សាយដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញការរៀបចំប្លង់គោលទីតាំង និងការរចនាសម្ភារៈផ្សព្វផ្សាយសំខាន់នានា។ ហើយក៏បានពិភាក្សាលម្អិតលើពិធីការនៃការរៀបចំកម្មវិធីហូបចុក ពិព័រណ៌ទេសចរណ៍ ការត្រៀមទទួលស្វាគមន៍ និងដឹកជញ្ជូនប្រតិភូអន្តរជាតិ វាគ្មិន អ្នកសម្របស្រួល អ្នកសារព័ត៌មានអន្តរជាតិ និងវិស័យឯកជន ដែលមកចូលរួមកម្មវិធីខាងលើ និងការរៀបចំសណ្ឋាគារផ្លូវការសម្រាប់ពិធី និងសណ្ឋាគារដៃគូរសម្រាប់ការស្នាក់នៅរបស់ប្រតិភូផងដែរ។ បើតាមក្រសួងទេសចរណ៍ការងាររៀបចំដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣ (Mekong Tourism Forum 2023) និងកិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គ (51st GMS Tourism Working Group) សម្រេចបានប្រមាណ៨០ភាគរយហើយ៕