ភ្នំពេញ៖ ក្រសួងការពារជាតិបញ្ជូនកងកម្លាំងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ចំនួន៩៨នាក់ ដើម្បីបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានរៀបចំពិធីជូនដំណើរ និងផ្តល់អនុសាសន៍បន្ថែមដល់កងកម្លាំង ដើម្បីក្លាយជាពុទ្ធិក្នុងការបំពេញបេសកកម្មឱ្យទទួលបានជោគជ័យ។
សម្តេច ទៀ បាញ់ បានចាត់ទុកការលះបង់ការបូជារបស់កងទ័ពនាពេលនេះ ជាការជួយសង្គ្រោះដល់ប្រជាជន ឬជាតិសាសន៍ដ៏ទៃ និងការចែករំលែកបទពិសោធន៍ដល់បណ្តាប្រទេសនានា ដែលរងគ្រោះដោយជម្លោះគឺពិតជាមានមោទនភាព កោតសសើរ និងលើកទឹកចិត្ត។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបង្ហាញជំនឿជាក់យ៉ាងមុតមាំថា ក្នុងនាមជានាយទាហាននៃកងយោធពលខេមរភូមិន្ទ នឹងខិតខំប្រឹងប្រែងបំពេញភារកិច្ចថ្មីជាប្រវត្តិសាស្ត្រនេះក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត និងទទួលបានជោគជ័យជូនជាតិ មាតុភូមិកម្ពុជា ជាក់ជាមិនខាន។
លោក ចូសិហ្វ ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានថ្លែងថា ការចេញដំណើររបស់កងទ័ពមួកខៀវកម្ពុជាទៅបំពេញបេសកកម្មមនុស្សធម៌នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលបានបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាក្នុងការលើកតម្កើងស្មារតីនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងចូលរួមជាមួយសហគមន៍ដ៏ពិតប្រាកដនៃប្រជាជាតិរួបរួមគ្នាក្នុងការស្វែងរកសន្តិភាព និងអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សជាតិទាំងអស់៕