ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានថ្កោលទោសចំពោះរដ្ឋាភិបាលកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលម្តងហើយម្តងទៀតថា ជាគំរាមកំហែងសន្តិសុខ សន្តិភាពទាំងនៅឧបទ្វីបកូរ៉េ និងនៅលើពិភពលោក។ ការថ្កោលទោសនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មីកាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាបានថ្កោលទោសចំពោះកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលម្តងហើយម្តងទៀតរួមទាំងការបាញ់មីស៊ីលនាពេលថ្មីៗនេះផងដែរ។
សម្តេចតេជោបានគូសបញ្ជាក់ថា ការបាញ់មីស៊ីលនេះគឺជារំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កើនភាពតានតឹងព្រមទាំងបានគំរាមកំហែងសន្តិសុខ សន្តិភាពទាំងនៅឧបទ្វីបកូរ៉េ និងនៅលើពិភពលោកទាំងមូលផងដែរ។ លោក Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាបានលើកឡើងពីទំនាក់ទំនងនិងការរីកចម្រើនជាលំដាប់ទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងទោះបីមានការរាតត្បាតនូវជំងឺកូវីដ-១៩យ៉ាងណាក្តី។ លោកបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង បានកើនឡើងដល់១ពាន់លានដុល្លារកាលពីឆ្នាំ២០២២ ហើយកូរ៉េខាងត្បូងជាប្រទេសឈរចំណាត់ថ្នាក់លេខ២សម្រាប់ការវិនិយោគនៅកម្ពុជា ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាជាដើមនឹងជំរុញឱ្យអ្នកវិនិយោគកូរ៉េខាងត្បូងមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត៕