ភ្នំពេញ៖ តំបន់មួយចំនួននៅកម្ពុជា អាចមានភ្លៀងធ្លាក់តិចតួច ហើយសីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់ដោយសារតែរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យមចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ។ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២០-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣២-៣៤អង្សាសេ ហើយអាចមានភ្លៀងធ្លាក់តិចតួច ហើយចាប់ពីថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី២-៣អង្សាសេនៅវេលាព្រឹក និងយប់។
សេចក្ដីជូនដំណឹងបានបន្តថា នៅតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី១៩-២១អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣២-៣៤អង្សាសេហើយចាប់ពីថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី៣-៤អង្សាសេ ហើយនៅវេលាព្រឹកនិងយប់លាយឡំជាមួយខ្យល់បក់ក្នុងកម្រិតមធ្យម។ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឱ្យដឹងដែរថា នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានពី២០-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣០-៣២អង្សាសេ ហើយអាចមានភ្លៀងធ្លាក់តិចតួចផងដែរ៕