គម្រោងធំៗជាច្រើនដូចជា៖ ផ្ទះមរតកដូនតា, ផ្ទះនំខ្មែរ, សាលាឆទាន, ផ្សារខ្មែរ និងឆាកធំជាដើម នឹងកើតមានឡើងនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កានខួបទី១០ឆ្នាំនាឆ្នាំ២០២៣ ហើយក៏នឹងបើកទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយចូលទស្សនានៅថ្ងៃចូលឆ្នាំថ្មីផងដែរនេះបើតាមការបញ្ជាក់របស់លោក សុខ សង្វារ សមាជិកគណៈកម្មការកណ្តាល ស.ស.យ.ក និងជាប្រធានក្រុមការងារគម្រោងភូមិនៅក្នុងពិធីក្រុងពាលីគម្រោង “ភូមិខ្ញុំ” កាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនៅទីលានមុខប្រាសាទបាពូន។
សូមបញ្ចាក់ថា គម្រោងភូមិខ្ញុំ នឹងត្រូវបើកបង្ហាញខ្លួនទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយចូលទស្សនានៅថ្ងៃចូលឆ្នាំថ្មី ទី១៤-១៥-១៦ ខែមេសា នាពេលខាងមុខនេះ ហើយឆ្នាំនេះក៏ជាខួបទី១០ឆ្នាំនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្តផងដែរ។ បើតាមលោក សុខ សង្វារ បានបញ្ជាក់ថា ឆ្នាំនេះភូមិខ្ញុំគ្រោងរៀបចំអោយមាន៨ទស្សនីយភាពធំៗដូចជា៖ ១- ផ្ទះមរតកដូនតា ២- ផ្ទះនំខ្មែរ ៣- សាលាឆទាន ៤- ផ្សារខ្មែរ ៥- ឆាកធំ ៦- រោង DJ ៧- វត្ថុយក្ស ៨- រោងសប្បកម្ម ។
លោក សុខ សង្វារ បានឲ្យដឹងទៀតថា ឆ្លងតាមរយៈការដាក់បង្ហាញនូវគម្រោងធំៗខាងលើនេះត្រូវបានជួយលើកតម្កើនដល់វប្បធម៌ខ្មែរជាពិសេសជួយដល់សេដ្ឋកិច្ចបងប្អូនដែលរស់នៅខេត្តសៀមរាបផងដែរមិនត្រឹមតែប៉ុណ្ណោះជួយថែរក្សាទំលាមទំលាប់ខ្មែរយើង និងផ្តល់អោយមហាគ្រួសារខ្មែរទាំងមូលក្នុងឱកាសចូលឆ្នាំបានជួបជុំគ្នាសប្បាយជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងនោះក្នុងនាមប្រធានក្រុមការងារលោក សុខ សង្វារ បានកោតសរសើរដល់ក្រុមការងារកាន់គម្រោងនីមួយៗនៅក្នុងភូមិខ្ញុំ ហើយបានចុះមើលទីតាំងជាក់ស្តែងបន្ថែមទៀតធ្វើយ៉ាងណាជម្រុញការសាងសង់ឱ្យទាន់មុនថ្ងៃព្រឹត្តិការណ៍មកដល់ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនានៅក្នុងតំបន់អង្គរជាពិសេសទស្សនាខេត្តសៀមរាបទាំងមូល៕