ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញដល់រដ្ឋមន្រ្តី ក្រសួងសុខាភិបាលឱ្យពង្រីកទីកន្លែងផ្ដល់សេវាព្យាបាលរបួសដល់អ្នកលេងកីឡាទាំងអស់ដោយមានអ្នកឯកទេស សម្រាប់ធ្វើការព្យាបាលត្រឹមត្រូវ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យ ធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ទីកន្លែងផ្ដល់សេវាព្យាបាលរបួសដល់កីឡាករ កីឡាការិនី អាចនឹងពង្រីកគ្រែបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា ការផ្ដល់សេវាព្យាបាលរបួសដល់អ្នកលេងកីឡានឹងមិនមានការយកប្រាក់នោះឡើយដោយក្នុងនោះក៏មានអ្នកឯកទេសត្រឹមត្រូវសម្រាប់ព្យាបាលផងដែរ។ កាលពីពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាដល់រដ្ឋមន្រ្តីក្រសួងសុខាភិបាលឱ្យរៀបចំគ្រែពី១០០ទៅ២០០គ្រែ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព សម្រាប់ផ្ដល់សេវាព្យាបាលរបួសដល់កីឡាករ កីឡាការិនីទាំងអស់នៅកម្ពុជាដោយមិនមានការបង់ប្រាក់ក្រោយពេលសង្គេតឃើញកីឡាករ កីឡាការិនីមានស្ថានភាពលំបាក៕