ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានអះអាងថា ការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២របស់មន្រ្តីនៅខេត្តស្វាយរៀងគឺធ្វើឡើងត្រឹមត្រូវតាមច្បាប់។ ការអះអាងនេះបានកើតឡើងក្រោយពេលមានការផ្សព្វផ្សាយរូបភាពការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនរបស់សាខាពន្ធដារ ខេត្តស្វាយរៀង តាមវាលស្រែស្ថិតនៅសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង និងផាកពិន័យគោយន្តមួយគ្រឿងចំនួន២០០ ០០០រៀល ។ អគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថា ម្ចាស់យានយន្តរួមទាំងម្ចាស់រថយន្តកែច្នៃក្នុងស្រុកត្រូវមានកាតព្វកិច្ចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ។
សេចក្ដីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ក្រុមការងារចម្រុះចុះត្រួតពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទដឹកនាំដោយសាខាពន្ធដារខេត្តស្វាយរៀងបានចុះត្រួតពិនិត្យតាមដងផ្លូវនៅជិតទីតាំងដែលរថយន្តកែច្នៃកំពុងចរាចរ និងប្រកបសកម្មភាពអាជីវកម្មដឹកដីហើយបានពិនិត្យឃើញថា ម្ចាស់រថយន្តកែច្នៃទាំងនោះពុំទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅឡើយទើបកម្លាំងចម្រុះធ្វើការណែនាំ និងអញ្ជើញម្ចាស់រថយន្តកែច្នៃទាំងនោះមកបំពេញកាតព្វកិច្ចបង់ពន្ធនៅគោលដៅកំណត់។ សេចក្ដីបំភ្លឺដដែលបានឱ្យដឹងដែរថា រថយន្តដែលបំប្លែងមកពីគោយន្ត និងរថយន្តកែច្នៃកង់បី (បំពាក់ដោយម៉ាស៊ីនរថយន្ត) ត្រូវកំណត់ជារថយន្តដឹកទំនិញដល់៣តោន ដែលត្រូវបង់ពន្ធចំនួន២០០ ០០០រៀល ក្នុង១ឆ្នាំក្នុង១គ្រឿង៕