ភ្នំពេញ៖ សមយុទ្ធ«នាគមាស» រវាងយោធាកម្ពុជា និងចិន ដែលខកខានធ្វើដោយសារជំងឺកូវីដ-១៩ នឹងត្រូវរៀបចំឡើងវិញនៅថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២៣ ខាងមុខនាបរិវេណភ្នំជុំរីករាយ។ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល សាលប្រជុំ និងគម្រោងវារីវប្បកម្មអាងបង្កាត់ពូជ និងភ្ញាស់ត្រីកាលពីថ្ងៃទី១៦ ខែកុម្ភៈ សម្តេចឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិបានឲ្យដឹងថា សមយុទ្ធ ដែលមានឈ្មោះថា «នាគមាស» នឹងត្រូវធ្វើឡើងនៅបរិវេណភ្នំជុំរីករាយស្ថិតក្នុងខេត្តកំពង់ឆ្នាំង។
សម្តេចឧបនាយករដ្ឋមន្រ្តីបានឱ្យដឹងដែរថា សមយុទ្ធនេះ នឹងប្រព្រឹត្តិទៅក្រោមប្រធានបទការបោសសម្អាតគ្រាប់ មីន ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការរក្សាសន្តិសុខ និងក្បួនធំៗ ហើយការរៀបចំនេះពុំមែនជាការគំរាមកំហែងដល់អ្នកណានោះទេ ប៉ុន្តែធ្វើឡើងដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពរបស់កងទ័ព។ សូមបញ្ជាក់ថា កម្ពុជាធ្លាប់ធ្វើលំហាត់សមយុទ្ឋនាគមាសចំនួន៣លើករួចមកហើយ ដោយមានការចូលរួមពីកងទ័ពប្រជាជនចិនតាំងពីឆ្នាំ២០១៦ និងបានហ្វឹកហ្វឺនចុងក្រោយក្នុងខេត្តកំពតកាលពីឆ្នាំ២០១៩៕