ភ្នំពេញ៖ លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ( UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជាបានប្ដេជ្ញាខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតឡើងខណៈកម្ពុជា និងជប៉ុនមានភាពធូរស្រាលពីបញ្ហាកូវីដ-១៩។
នៅក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃចន្ទទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ( UENO Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុនទើបតែងតាំងថ្មីប្រចាំកម្ពុជាបានលើកឡើងថា នៅក្នុងបេសកកម្មការទូតនេះលោកនឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរខណៈប្រទេសទាំងពីរបានបើកចំហរឲ្យមានការចេញចូលរវាងគ្នាទៅវិញទៅមក។
នៅក្នុងនេះលោកអគ្គរាជទូតជប៉ុនបានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងជោគជ័យនៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នាពេលថ្មីៗនេះ។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានស្វាគមន៍ និងអបអរសាទរលោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ដែលត្រូវបានរាជរដ្ឋាភិបាលជប៉ុនផ្តល់សេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា។
សម្តេចបានគូសបញ្ជាក់ថា ជប៉ុនមានគុណបំណាច់យ៉ាងធំធេងណាស់ក្នុងការរួមចំណែកធ្វើឱ្យកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍបានដូចសព្វថ្ងៃហើយបានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏មានសក្តានុពលរបស់កម្ពុជា។ សម្តេច ហេង សំរិន បានស្នើដល់ភាគីជប៉ុនឱ្យបន្តជួយគាំទ្រដល់ការបណ្តុះបណ្តាលធនធានកម្ពុជាបន្ថែមទៀតដើម្បីចូលរួមកសាងធនធានមនុស្សសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕