ភ្នំពេញ៖ រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញឱ្យអ្នកពាក់ព័ន្ធពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផលព្រមទាំងលើកទឹកចិត្តដល់វិស័យឯកជនឱ្យចូលរួមផ្នែកវារីវប្បកម្មខណៈស្ថិតិវារីវប្បកម្ម ការចិញ្ចឹមត្រី អនុវត្តបាន៣៣០.៦០០តោន ក្នុងឆ្នាំកន្លងទៅ។ នៅក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារវិស័យជលផលឆ្នាំ២០២២ និងលើកទិសដៅ២០២៣លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលជលផលត្រូវពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផលការជំរុញវារីវប្បកម្ម ការកែច្នៃ និងការលើកទឹកចិត្តដល់វិស័យឯកជនព្រមទាំងពង្រឹងសហគមន៍នេសាទ និងការផ្លាស់ប្តូរមុខរបរប្រជានេសាទ។
លោករដ្ឋមន្រ្តីបានលើកឡើងពីការធានានូវសន្តិសុខស្បៀង និងឧត្តមភាពនៃផលិតផលដែលទាមទារឱ្យមានការយកចិត្តទុកដាក់លើការងារ អនាម័យ ភូតគាមអនាម័យ SPS និងជួយគាំទ្រដល់វិស័យឯកជនដើម្បីសម្របសម្រួលដល់ការនាំចេញផងដែរ។ ស្ថិតិវារីវប្បកម្មបានឱ្យដឹងថា ការចិញ្ចឹមត្រីនាឆ្នាំកន្លងទៅអនុវត្តបាន៣៣០.៦០០តោន ស្មើនឹង៩១,៨៣% ការភ្ញាស់ពូជកូនត្រីបាន២៨៣.៥០០.០០០កូនស្មើនឹង៩៤,៥% ការចិញ្ចឹមក្រពើបាន៣៩១.៤១៤ក្បាលស្មើនឹង១៣០.៤៧% បង្កើតបណ្តុំវារីវប្បកម្ម បាន៣៣១កន្លែងមានសមាជិក១០.៨០៦នាក់ និងបានផ្តល់វិញ្ញាបនបត្របញ្ជាក់ការអនុវត្តវារីវប្បកម្មល្អដល់កសិដ្ឋានបានចំនួន៨កន្លែង ខណៈការនាំចេញផលនេសាទបានចំនួន ៨.០០០តោន ដែលមានចំណូលសរុបជាង៣៧០លានរៀល៕