ពិធីទទួលស្វាគមន៍ភ្ញៀវទេសចរចិនបានធ្វើឡើងនៅថ្ងៃអង្គារទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញតាមច្រក VIP ក្រោមវត្តមានលោក ថោង ខុន, លោក ម៉ៅ ហាវណ្ណាល់, លោក ឃួង ស្រេង និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនផងដែរ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មាននៅក្នុងពិធីនោះថា កាលពីខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តជាតិប្រមាណ៤០ម៉ឺននាក់កើនឡើង៧៩៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ និងថយចុះ៣៨ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩។ ប្រភពទីផ្សារសំខាន់ៗមានប្រទេសថៃ វៀតណាម ចិន កូរ៉េ សហរដ្ឋអាមេរិកជាដើម។ លោករំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី៣លានទៅ៤លាននាក់នៅក្នុងឆ្នាំនេះ ។
ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំង៤០ម៉ឺននាក់នោះគឺមានមកតាមផ្លូវអាកាសប្រមាណ១៤០,០០០នាក់កើនឡើង៤៥១ភាគរយ, មកតាមផ្លូវគោកប្រមាណ២៥៥,០០០ម៉ឺននាក់ កើនឡើង១,២៨៤ភាគរយ និងមកតាមផ្លូវទឹកប្រមាណ៥,០០០នាក់ (ពិសេសតាមនាវាទេសចរណ៍ធំៗ) កើនឡើង១,២៨៣ភាគរយ ធៀបនឹងខែមករា ឆ្នាំ២០២២។ លោកថា គិតជាមធ្យមមានទេសចរអន្តរជាតិចូលមកកម្ពុជា ទាំងតាមផ្លូវ ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកប្រមាណ១២,០០០នាក់ទៅ១៣,០០០នាក់ក្នុងមួយថ្ងៃ។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តទៀតថា ក្នុងខែមករា ឆ្នាំ២០២៣នេះដែរជើងហោះហើរដែលចូលមកដល់កម្ពុជាមានចំនួនសរុប១,៦៤៨ជើងក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបាន១,១៧៨ជើង។ ចំពោះជើងហោះហើរពីប្រទេសចិនក្រោយថ្ងៃបើកឱ្យទេសចរធ្វើដំណើរឡើងវិញចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ទើបមានជើងហោះហើរត្រង់ឡើងវិញ ប៉េកាំង-ភ្នំពេញ ចាប់ផ្តើមនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះជាលើកដំបូងដែលប្រតិបត្តិការហោះហើរដោយក្រុមហ៊ុន Air China។
ក្រសួងទេសចរណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជាសមាគមទេសចរណ៍កម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជារៀបចំពិធីស្វាគមន៍ចំពោះភ្ញៀវទេសចរដោយសារនេះជាជើងហោះហើរឡើងវិញលើកទី១ក្រោយកូវីដ១៩ពីរដ្ឋធានីប៉េកាំងមករាជធានីភ្នំពេញ។ លោកថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ ក៏នឹងមានជើងហោះលើកដំបូងពីគួនមីងមកសៀមរាប និងពីសៀងហៃមកសៀមរាបដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ៕