សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនៅក្នុងខេត្តសៀមរាបអាចជាសារមន្ទីរដំបូងគេនៃព្រះរាជាណាចក្រកម្ពុជា ដែលមានដាក់តាំងបង្ហាញរបស់ប្រើប្រាស់ផលិតចេញពីសរសៃសូត្រ សរសៃកប្បាស សរសៃអំបោះ សរសៃគ សំបកឈើ រោមសត្វ តាមបែបប្រពៃណីផ្សេងៗគ្នារួមទាំងជាសម្លៀកបំពាក់សហសម័យមកពីបណ្តាប្រទេសចំនួន៦ ដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេគង្គារ។ ផលិតផលធ្វើអំពីសូត្រអំបោះរុក្ខជាតិ និងរោមសត្វដែលគេយកមកតាំងបង្ហាញទាំងនោះមានដូចជាសម្លៀកបំពាក់ មួក ស្រោមដៃ-ជើង កន្សែង ឆ្នួត និងវត្ថុធាតុដើមជាច្រើនទៀត រួមទាំងឧបករណ៍តម្បាញផង។ ក្រុមអ្នកជំនាញរបស់សារមន្ទីរបានយកចិត្តទុកដាក់ប្រើប្រាស់បច្ចេកទេសយ៉ាងត្រឹមត្រូវ ដើម្បីថែទាំនិងការពារអភិរក្សសមុច្ច័យទាំងនោះមិនឱ្យខូចខាតទៅតាមអាយុកាល និងពេលវេលាឡើយបើទោះបីជាសមុច្ច័យទាំងនោះមានអាយុកាលច្រើនឆ្នាំមកហើយក៏ដោយ។
នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុន ឱ្យដឹងថា ផលិតផលធ្វើពីសូត្រអំបោះរុក្ខជាតិ និងរោមសត្វទាំងអស់ដែលមានតាំងបង្ហាញនៅក្នុងសារមន្ទីរមិនមែនតាំងសម្រាប់តែ១ឆ្នាំ ឬ២ឆ្នាំ ហើយពេលវាខូចត្រូវបោះចោលនោះទេគឺក្រុមអ្នកជំនាញមានបច្ចេកទេសត្រឹមត្រូវក្នុងការថែរក្សារបស់ទាំងនោះឱ្យស្ថិតនៅបានយូរអង្វែងតទៅទៀតតាមដែលអាចធ្វើបាន។ លោក សែន គឹមស៊ុន មានប្រសាសន៍ទៀតថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីមានគោលការណ៍ពីរក្នុងការអភិរក្ស ផលិតផលសូត្រទាំងនោះដើម្បីរក្សាទុកឱ្យបានយូរអង្វែងគឺត្រូវការអភិរក្សយ៉ាងយកចិត្តទុកដាក់នៅមុនពេលខូចខាតដោយគិតពីបច្ចេកទេសតាំងតែពីការរៀបចំដាក់តាំងដើម្បីកុំឱ្យប៉ះពាល់ដល់សមុច្ច័យដូចជាការព្យួរ និងដាក់ក្នុងទូជៀសវាងសមុច្ច័យទាំងនោះកុំឱ្យទៅប៉ះផ្ទាល់ជាមួយដែក ឬឈើដែលអាចនាំឱ្យមេឬសត្វល្អិតស៊ី និងធ្វើឱ្យកកិតជាដើម។
រៀងរាល់ព្រឹកត្រូវបើកបង្អូច និងទ្វារក្នុងរយៈពេលខ្លីកុំឱ្យមានក្លិនផ្អួរនៅក្នុងសាលពិព័រណ៌នីមួយៗសម្អាតកម្រាល និងជើងទម្រជាប្រចាំផ្លាស់ប្តូរទីតាំងជើងទម្រដើម្បីសម្អាតជៀសវាងមានធូលីកុំឱ្យមានសត្វល្អិត ឬធូលីតោងជាប់វត្ថុទាំងនោះអាចនាំឱ្យមានបញ្ហាដល់សមុច្ច័យបាន។ ដាក់ថ្នាំសម្លាប់សត្វល្អិតនៅតាមជ្រុង និងទ្វារនៃសាលពិព័រណ៍និងដាក់របាំងការពារសត្វកណ្តុរ។ ចំណុចយកចិត្តទុកដាក់មួយទៀតគឺនៅពេលដែលសមុច្ច័យខូចខាត គឺត្រូវជួសជុលភ្លាមៗទៅតាមបច្ចេកទេស ដែលសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីធ្លាប់ទទួលបានការបង្ហាត់បង្រៀនពីអ្នកជំនាញឱ្យចេះពីវិធីជួសជុល និងសង្រ្គោះផលិតផលទាំងនោះឱ្យរួចផុតពីហានិភ័យ។
លោក សែន គឹមស៊ុន បានឱ្យដឹងទៀតថា ទាក់ទងនិងសាលសម្រាប់ដាក់តាំងពិព័ណ៌ទៀតសោតក៏ត្រូវគ្រប់គ្រងពន្លឺអំពូលភ្លើងឱ្យបានសមស្របជៀសវាងការហើរពណ៌របស់ផលិតផល។ ម្យ៉ាងវិញទៀតការកំណត់សីតុណ្ហភាពរឹតតែសំខាន់ដោយនៅគ្រប់សាលពិព័រណ៍គឺទាមទារឱ្យមានឧបករណ៍សម្រាប់វាស់សីតុណ្ហភាពជាប្រចាំសម្រាប់ពិនិត្យតាមដានកំណត់កម្តៅត្រឹម៣០អង្សា និងសំណើម៦៥ភាគរយ។ មន្ត្រីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីឱ្យដឹងទៀតថា ដើម្បីសុវត្ថិភាពក្នុងការថែរក្សាផលិតផលទាំងនោះឱ្យបានយូរអង្វែងសារមន្ទីរក៏មានដាក់បម្រាមសម្រាប់ភ្ញៀវដែលចូលមកទស្សនាទាំងឡាយហាមយកចំណីអាហារ និងភេសជ្ជៈចូល ហាមប៉ះ ឬស្ទាបជាដើម ដែលអាចនឹងនាំមកនូវហានិភ័យផ្សេងៗអាចដល់សមុច្ច័យ៕