ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ជាធនាគារគោលនយោបាយ ដែលទទួលបានអាជ្ញាបណ្ណប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជាកាលពីឆ្នាំ២០២០ ហើយធនាគារនេះបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល និងមានបេសកកម្មផ្តល់ហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះជូនដល់សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតនៅក្នុងវិស័យអាទិភាព។ ទន្ទឹមនេះ នារសៀលថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំ “សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣” នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារដែលធនាគារសម្រេចបាន ចាប់តាំងពីការបង្កើត រហូតមកដល់បច្ចុប្បន្ន ដោយផ្អែកតាមទិន្នន័យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សមិទ្ធផលធំៗដែលធនាគារទទួលបានរួមមាន៖
១. បានផ្តល់ឥណទានដោយផ្ទាល់ជូនដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ២៣១ សហគ្រាស ដែលមានសហគ្រិនជាស្រ្តីចំនួន ៦២ សហគ្រាស និងសហគ្រិនជាបុរសចំនួន ១៦៩ សហគ្រាស ជាមួយទំហំទឹកប្រាក់ឥណទាន សរុបប្រមាណជា ៥៣,៤ លានដុល្លារអាមេរិក, ២. បានបញ្ចប់ដោយជោគជ័យ នូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម ជំហានទី១ និង ទី២ ដែលបានផ្តល់ការគាំទ្រដល់សហគ្រាសសរុបចំនួន ១ ៩៩២ ស្មើនឹងទំហំទឹកប្រាក់សរុប ២៤០ លានដុល្លារអាមេរិក ដែលជាថវិកាបដិភាគស្មើគ្នារវាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម, ៣. បាន និងកំពុងដំណើរការគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ នូវចំនួនទឹកប្រាក់សរុប ១៥០ លានដុល្លារអាមេរិក ដែលជាថវិកាបដិភាគស្មើគ្នា រវាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២២ បានផ្តល់ឥណទានទៅម្ចាស់អាជីវកម្មស្ថិតនៅក្នុងវិស័យទេសចរណ៍ចំនួន ២៩២ ដែលមានទំហំឥណទានសរុបប្រមាណជា ៤២ លានដុល្លារអាមេរិក, ៤. បាន និងកំពុងដាក់ឲ្យដំណើរការសាខាថ្មីចំនួនពីរ គឺសាខាខេត្តបាត់ដំបង និងសាខាផ្សារថ្មី, ៥. បានអភិវឌ្ឍដៃគូអាជីវកម្មជាមួយនឹងសមាគមសហគ្រាសធុនតូច និងមធ្យម ចំនួន ១០ ដើម្បីជំរុញការបញ្ចេញឥណទានដោយផ្ទាល់ ទៅអតិថិជនគោលដៅ, ៦. បានអភិវឌ្ឍផលិតផលឥណទានដោយផ្ទាល់ចំនួនពីរបន្ថែមទៀត គឺគម្រោងហិរញ្ញប្បទានមិនមានទ្រព្យធានា (Unsecured Loan) និងឥណទានវិបារូបណ៍ (Overdraft Facility), ៧. បានអនុវត្តបន្ថែមមុខងារក្នុងប្រព័ន្ធធនាគារស្នូលដូចជា៖ តភ្ជាប់ប្រព័ន្ធសេវាផ្ទេរប្រាក់រហ័សរបស់ ធនាគារជាតិ នៃ កម្ពុជា (FAST 2.0) សម្រាប់ ប្រាក់រៀល និងដុល្លារអាមេរិក ជាមួយ ២៧ ធនាគារសមាជិក, បន្ថែមមុខងារផ្ដល់មូលប្បទានប័ត្រសាច់ប្រាក់ (Banker Cheque), ការប្ដូរប្រាក់ជាដើម។ មិនតែប៉ុណ្ណោះ ធនាគារក៏បានបង្កើននូវចំនួនបុគ្គលិកជាបន្តបន្ទាប់ដែលរហូតមកដល់ដំណាច់ឆ្នាំ២០២២ មានចំនួនបុគ្គលិកសរុបចំនួន ១៣៦ នាក់។
ជាមួយនឹងសមិទ្ធផលដែលទទួលបានខាងលើ, ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្នុងនាមជាធនាគារគោលនយោបាយ នឹងបន្តឆន្ទៈក្នុងការស្វែងរកនូវយុទ្ធសាស្ត្រល្អៗ ដើម្បីបន្តបម្រើសេវាកម្មធនាគារប្រកបដោយ ប្រសិទ្ធភាពនិងគុណភាព ជូនដល់អតិថិជនដែលជាសហគ្រាស ធុនតូច និងមធ្យម, ជាពិសេសផ្ដោតលើសហគ្រាសក្នុង វិស័យកម្មន្តសាល និងកែច្នៃផលិតផលកសិកម្ម ដើម្បីជួយគាំទ្រដល់ការអនុវត្ត “ក្រប-ខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣”។
ក្នុងន័យនេះ, ធនាគារនឹងផ្ដោតទៅលើ៖ ការបង្កើតសាខាបន្ថែមនៅតាមបណ្តាខេត្ត, ការអភិវឌ្ឍសេវាធនាគារឌីជីថល ដើម្បីអនុញ្ញាតឲ្យអតិថិជនមានលទ្ធភាពធ្វើប្រតិបត្តិការធនាគារពីគ្រប់ ទីកន្លែង និងគ្រប់ពេលវេលា, ការបង្កើនសមតុល្យ និងផលិតភាពឥណទាន និង ការអភិវឌ្ឍបណ្តាញចែកចាយដោយធ្វើកិច្ចសហការជាមួយដៃគូអាជីវកម្មដែលជួយឲ្យធនាគារអាចភ្ជាប់ទំនាក់ទំនងទៅកាន់អតិថិជនបានរហ័ស និងងាយស្រួល ជាងមុន។ លើសពីនេះទៅទៀត សិក្ខាសាលានេះក៏ជាឱកាសមួយក្នុងការបង្កើននូវទំនាក់ទំនង ក៏ដូចជាបង្កើននូវកិច្ចសហប្រតិបត្តិការ រវាងគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ធនាគារដោយប្រកាន់នូវគោលជំហឯកភាព សាមគ្គីភាព និងជាពិសេសត្រូវបម្រើការងារប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងគណនេយ្យភាព ដើម្បីឲ្យសម្រេចទៅតាមផែនការរួមដែលធនាគារបានដាក់ចេញ។