ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាស់តឿនដល់មន្ត្រីតាមគ្រប់ផែនការងារជំនាញទាំងអស់ឱ្យគោរពវិន័យ និងត្រូវបម្រើសេវាជូនដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ ការដាស់តឿននេះបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពេលដែលលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងប្រជុំជួរ និងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវកាត់សក់ឲ្យខ្លី ស្លៀកពាក់ស្អាតបាត សមរម្យជាកងកម្លាំងនគរបាលជាតិ ជាពិសេសត្រូវចូលរួមគោរព និងអនុវត្តវិន័យរបស់កងកម្លាំងឲ្យបានខ្ជាប់ខ្ជួនដើម្បីមុខមាត់កិត្តិយសរបស់នគរបាលជាតិ។ សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី៥ ខែកុម្ភៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឱ្យមន្រ្តីគ្រប់ជំនាញពាក់ព័ន្ធទាំងអស់ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ និងអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ដែលជួបបញ្ហាទោះជាពេលថ្ងៃ ឬយប់ ៕