កណ្តាល៖ ក្រុមការងារចម្រុះ ALPHA23 នៃអង្គភាពការពារកុមារ (CPU) និងសមត្ថកិច្ចនគរបាលខេត្តកណ្ដាលកំពុងបើកការស៊ើបអង្គេតក្រោយពេលមានការប្រទះឃើញសពកុមារីអាយុ១២ឆ្នាំម្នាក់នៅក្នុងចម្ការស្វាយមួយកន្លែងស្ថិតនៅក្នុងខេត្តកណ្តាល។ សមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងករណីនេះសមត្ថកិច្ចស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្ត្រ (FST) បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗនិងធ្វើកោសល្យវិច័យទៅលើសាកសាព និងកន្លែងកើតហេតុហើយបានយល់ឃើញថា កុមារីរងគ្រោះបានស្លាប់ដោយអំពើឃាតកម្ម។
នៅក្នុងករណីនេះអង្គភាពការពារកុមារ (CPU) បានសហប្រតិបត្តិការជាមួយការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ហើយបានបង្កើតក្រុមការងារចម្រុះ ALPHA23 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីឃាតកម្មនេះ និងវែករកមុខឃាតករយកមកផ្តន្ទាទោសតាមច្បាប់។ សូមបញ្ជាក់ថា កុមារីអាយុ១២ឆ្នាំម្នាក់ បានបាត់ខ្លួនតាំងពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ហើយត្រូវបានរកឃើញសពកាលពីវេលាម៉ោង ៦ល្ងាច នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងចម្ការស្វាយមួយកន្លែងនៅក្នុងខេត្តកណ្តាល៕