ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលឡើងវិញ ស៊ុមបង្អួច និងស៊ុមទ្វារ នៃខ្លោងទ្វារទី២របស់ប្រាសាទព្រះគោ ដែលរងការខួចខាតធ្ងន់ធ្ងរដោយការបាក់ដួលរលំស្ទើរទាំងស្រុងនេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរានៅថ្ងៃនេះ។ ការងារជួសជុលនេះក្រុមអ្នកបច្ចេកទេសបានប្រមូលនូវបំណែកថ្មភក់ និងថ្មបាយក្រៀមដែលធ្លាក់បាក់បែកមកជួសជុលពង្រឹង និងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តន៏ជាប្រចាំដើម្បីថែរក្សាប្រាសាទព្រះគោជាទីសក្ការៈ ដែលមានអាយុកាលជាង១០០០ឆ្នាំមួយនេះអោយនៅឈររឹងមាំយូរអង្វែងបន្តទៀត។
គួររំលឹកថា ប្រាសាទព្រះគោសាងសង់ឡើងពីឥដ្ឋបែរមុខទៅទិសខាងកើតមានកំពែង៣ជាន់កំពែងខាងក្រៅមានទំហំ៥០០ម៉ែត្រគុណនឹង៤០០ម៉ែត្រ និងមានគោបុរៈនៅខាងលិច និងខាងកើត។ នៅផ្នែកកណ្ដាលខាងកើតមានរូបគោនិន្ទ៣បែរទៅរកប្រាសាទ។ បើធ្វើដំណើរពីភ្នំពេញចូលដល់ស្រុកប្រាសាទបាគងបត់ឆ្វេងនឹងដល់ប្រាសាទបាគងមុនរួច ហើយទើបទៅដល់ប្រាសាទព្រះគោមានទីតាំងស្ថិតនៅពីខាងឆ្វេងដៃ ចូលពីផ្លូវជាតិលេខ៦ចម្ងាយជិត២០០ម៉ែត្រ ក្នុងភូមិឪឡោក ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាបចម្ងាយប្រមាណ១២គីឡូម៉ែត្រពីទីរួមខេត្ត។ លោក គឹម វិសុទ្ធ មគ្គុទេ្ទសទេសចរណ៍បានឱ្យដឹងថា ប្រាសាទព្រះគោនេះសាងសង់ឡើងនៅក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១(៨៧៧-៨៨៦)មុនប្រាសាទបាគងរយៈពេល២ឆ្នាំ៕