ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំការប្រគួតកីឡា ស៊ីហ្គេម នៅតាមបណ្ដាខេត្តមួយចំនួនខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ក្នុងឆ្នាំ២០២៣។ នៅក្នុងពិធីជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូនសិស្សនិទ្ទេស A ឆ្នាំសិក្សា ២០២១-២០២២ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ជំរុញដល់អ្នកពាក់ព័ន្ធត្រូវរៀបចំឲ្យមានសុវត្ថិភាពសម្រាប់កីឡាករ កីឡាការិនី អ្នកដែលចូលរួមនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា ក្រៅពីទីក្រុងភ្នំពេញដែលជាកន្លែងធំជាងគេនៃការរៀបចំការប្រកួតក្នុងនោះក៏នៅមានខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ខេត្តសៀមរាប ក៏ត្រូវរៀបចំការប្រគួតដែរ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកឆ្នាំ២០២៣នេះថា ជាឆ្នាំដែលពលរដ្ឋមានពេលដើរលេងកម្សាន្តច្រើន ព្រោះស៊ីហ្គេមក៏ធ្វើអង្គរសង្ក្រាន្តក៏ធ្វើ។
កាលពីថ្ងៃទី២៥ ខែមករា កម្ពុជា បានរាប់ថយក្រោយ១០០ថ្ងៃសម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម២០២៣។ ការរាប់ថយក្រោយ១០០ថ្ងៃនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏អស្ចារ្យនឹងក្លាយជាការពិតសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសខណៈកម្ពុជារង់ចាំឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមអស់រយៈពេលជាង៦០ឆ្នាំមកហើយ៕