ភ្នំពេញ៖ ចំណូលពន្ធប្រមាណ៣ ៤៥៥.១១លានដុល្លារ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារប្រមូលបាននៅក្នុងឆ្នាំ២០២២ ដែលមានការកើនឡើងលើសផែនការធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា នៅឆ្នាំ២០២២អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានចំនួន១៣ ៩៩៣.២០ប៊ីលានរៀល (ប្រមាណជា៣ ៤៥៥.១១លានដុល្លារ) ស្មើនឹង១២២.៥៤%នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២២ ធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២១ គឺកើនឡើងចំនួន២ ៧០២.៧៣ប៊ីលានរៀល ឬប្រមាណជា៦៦៧.៣៤លានដុល្លារ ស្មើនឹង២៣.៩៦ភាគរយ។
របាយការណ៍ដដែលបានគួសបញ្ជាក់ថា ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ក្នុងនោះពន្ធលើប្រាក់ចំណូល ២៣.៧៣ភាគរយ, អាករលើតម្លៃបន្ថែម៣៤.១០ភាគរយ, ពន្ធលើប្រាក់បៀវត្ស២២.៤៥ភាគរយ, អាករពិសេស២៥.៧០ភាគរយ, និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យ១២.៧០ភាគរយ។ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថា លទ្ធផលនេះកើតចេញពីការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩បានពេញលេញ ដែលឈានទៅបើកប្រទេសជាតិឱ្យដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១៕