(ភ្នំពេញ)៖ ក្រុមហ៊ុនខេមលូប (ខេមបូឌា) ឯ.ក ដែលទទួលបានសិទ្ធិនាំចូលផ្ដាច់មុខនូវផលិតផលប្រេងរំអិលម៉ាក MOBIL យកមកលក់ចែកចាយនៅក្នុងប្រទេសកម្ពុជា បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះទៅអប់រំ ណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងយានដ្ឋានមួយចំនួន នៅក្នុងទឹកដីខណ្ឌទួលគោក ឲ្យបញ្ឈប់រាល់ការលក់ផលិតផលប្រេងរំអិលម៉ាក MOBIL ក្លែងក្លាយតទៅទៀត។
សកម្មភាពចុះអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលក់ផលិតផលប្រេងរំអិលក្លែងក្លាយខាងលើនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនៅនេះ នៅក្នុងភូមិសាស្ត្រដែនដីខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងនោះ ក្រោយពីតំណាងសមត្ថកិច្ច និងតំណាងក្រុមហ៊ុនធ្វើការពន្យល់ ណែនាំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់រាល់ការលក់ផលិតផលក្លែងក្លាយ ជាពិសេសផលិតផលប្រេងរំអិលម៉ាក MOBIL ដែលនាំឲ្យឆាប់ខូចគ្រឿងម៉ាស៉ីន និងខាតបង់ដល់អ្នកប្រើប្រាស់ ដោយសារតែផលិតផលក្លែងក្លាយគ្មានគុណភាពរួចមក បងប្អូនជាម្ចាស់យានដ្ឋានបានយល់ជ្រួតជ្រាប ហើយសន្យាឈប់លក់នូវផលិតផលដែលគ្មានប្រភពក្រុមហ៊ុន នាំចូលច្បាស់លាស់តទៅទៀត។
សូមបញ្ជាក់ថា ប្រេងរំអិលម៉ាក Mobil តាមច្បាប់អនុញាតទទួលស្គាល់សិទ្ធិនាំចូល និងលក់ចែកចាយផ្ដាច់មុខរបស់ក្រសួងពាណិជ្ជកម្ម លេខ ០៥៦៨ ព.ណ កសប ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្មបានកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើផលិតផលប្រេងរំអិលម៉ាក «MOBIL» នៅកម្ពុជា របស់ក្រុមហ៊ុន ខេមលូប (ខេមបូឌា) ឯ.ក បន្ទាប់ពីក្រុមហ៊ុននេះ បានទទួលសិទ្ធិនាំចូលផ្ដាច់មុខពីក្រុមហ៊ុន Exxon Mobil Corporation ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ រួចមក។ ប្រេងរំអិលម៉ាក «MOBIL» គឺជាផលិតផលមកពីសហរដ្ឋអាមេរិក មានភាពល្បីល្បាញលើគុណភាព និងសុវត្ថិភាពគ្រឿងម៉ាស៉ីនជាយូរឆ្នាំមកហើយ នៅលើទីផ្សារពិភពលោក ហើយនៅកម្ពុជា ប្រេងរំអិលម៉ាក «MOBIL» ក៏ល្បីល្បាញ និងអតិថិជនអ្នកប្រើប្រាស់គ្រឿងម៉ាស៉ីន ជាពិសេសម្ចាស់យានយន្តផ្ដល់ជំនឿទុកចិត្តផងដែរ។ ដោយមើលឃើញពីគុណភាព និងសុវត្ថិភាពគ្រឿងម៉ាស៉ីន ដែលបានប្រើប្រាស់ប្រេងរំអិលម៉ាក «MOBIL»នេះ ទើបក្រុមហ៊ុនខេមលូប (ខេមបូឌា) ឯ.ក បានសុំសិទ្ធិនាំចូល ផ្គត់ផ្គង់ ចែកចាយផ្ដាច់មុខនៅកម្ពុជា៕