ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះមានកម្មវិធីមួយឈ្មោះថា (ភូមិខ្ញុំ) ដែលកម្មវិធីនោះនឹងមានការរៀបចំគម្រោងធំៗជាច្រើនដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅក្នុងបរិវេណអង្គរធំនៃរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នេះបើតាមការបញ្ជាក់ពីលោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។ លោក សុខ សង្វារ ដែលជាប្រធានគម្រោងកម្មវិធី “ភូមិខ្ញុំ” កាលពីថ្ងៃសៅរ៍ចុងសប្តាហ៏នេះបានដឹកនាំប្រជុំក្រុមការងារដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំគម្រោងនេះ។ លោកបញ្ជាក់ថា “ភូមិខ្ញុំ” ឆ្នាំនេះត្រូវបានគិតគូររៀបចំឡើងដោយផ្ចិតផ្ចង់ និងអស្ចារ្យជាងឆ្នាំមុនៗទាំងអស់ដោយសារឆ្នាំនេះ ជាខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តផង និងជាឆ្នាំដែលយើងបានសម្រេចរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដែលបានរំខានដល់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋកម្ពុជាកន្លងមកហើយក៏ជាចលករមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនានៅខេត្តសៀមរាបក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផង។
គួររំលឹកថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះមានទីតាំងកម្សាន្តចំនួន៦មាន៤៤កម្មវិធីដោយមានធ្វើការបង្ហាញពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃចាប់ពីព្រឹកថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ហើយពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ នឹងធ្វើក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងថា ការប្រារព្ធធ្វើអង្គរសង្ក្រាន្តនៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាបគឺជាប្រវត្តិសាស្ត្រមួយសម្រាប់យុវជនប្រជាជនកម្ពុជាក៏ដូចជាភ្ញៀវទេសចរណ៍បរទេសផងដែរ។ ការប្រារព្ធអង្គរសង្រ្កាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្រោយពេលមានភាពធូស្រាលនៃជំងឺកូវីដ-១៩ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជម្រុញឲ្យសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំធ្វើអង្គរសង្រ្កាន្តសារជាថ្មី និងស្របនឹងខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងគោលបំណងជួបជុំយុវជន និងមហាជននាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាមហាគ្រួសារខ្មែរតែមួយ និងធ្វើឲ្យមានភាពរស់រវើកនៃសម្បត្តិបេតិកភណ្ឌអរូបិយខ្មែរយើងនៅលើទីតាំងបេតិកភណ្ឌរូបិយ។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះឲ្យក្លាយជាព្រឹត្តិការណ៍អន្តរជាតិដើមី្បរឹតនូវចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និងប្រជាជាតិលើសកលលោក ដែលជាការផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានធ្វើការស្វែងយល់អំពីភាពរុងរឿងលី្បល្បាញភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា នាសម័យមហានគរមកដល់បច្ចុប្បន្ន និងបន្តថែរក្សាកេរ្តិ៍មរតឲ្យបានគង់វង្ស និងបន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ។ លោកថា ការរៀបចំអង្គរសង្ក្រាន្តនៃឆ្នាំទី១០នេះក៏ជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលបានកំណត់ត្រាជាប្រវត្តិសាស្ត្រ ដែលទទួលស្គាល់ពីអន្តរជាតិទៅលើវិញ្ញាសារ (អន្សមយក្ស, ការរាំចង្វាក់ម៉ានីហ្សូន, ក្រម៉ាដែលវែងជាងគេ, ចាប៉ីដងវែង)។ សមទ្ធិផលទាំងនេះជាការបំផុសនូវគំនិតរួបរួមកម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយក្នុងការបណ្តុះស្មារតីអភិរក្ស អភិវឌ្ឍន៍វប្បធម៌ បាវចនាជាតិ ព្រលឹងជាតិ អត្តសញ្ញាណជាតិខ្មែរក្នុងបរិបថនៃសមាហរណកម្មសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ) ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ៕