ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឱ្យដឹងថា រយៈពេល៤ថ្ងៃនៃពិធីបិណ្យចូលឆ្នាំចិនគិតពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ២០២៣) មានភ្ញៀវទេសចរចេញដើរកម្សាន្តទូទាំងប្រទេសសរុប១,០៤៩,២២២នាក់ ក្នុងនោះភ្ញៀវជាតិចំនួន១,០០៧,១៦៦នាក់ និងភ្ញៀវបរទេសចំនួន៤២,០៥៦នាក់។ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះថា គោលដៅទេសចរណ៍សំខាន់ៗដែលមានអ្នកទៅកម្សាន្តរួមមាន៖ ខេត្តព្រះសីហនុចំនួន២៩៦,០២៨នាក់, សៀមរាប ១០៥,៤៨១នាក់, បាត់ដំបង១០២,៧៧៨នាក់, កំពត៨២,១៩៩នាក់, ប៉ៃលិន៨១,៥០០នាក់, កំពង់ចាម៦៧,៩១៤នាក់ និងខេត្តកែបចំនួន៦៧,០៣០នាក់។
ក្រសួងទេសចរណ៍បានកត់សម្គាល់ថា តួលេខនេះ អាចដោយសារចូលឆ្នាំចិនឆ្នាំនេះប៉ះចំចុងសប្តាហ៍ទើបចរន្តភ្ញៀវទេសចរ និងការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់គោលដៅទេសចរណ៍នានាមានសភាពផុសផុលច្រើន ខណៈដែលប្រជាពលរដ្ឋមួយចំនួនបានចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើតតាំងពីល្ងាចថ្ងៃសុក្រដើម្បីរៀបចំសែនដូនតា។ យ៉ាងណាក៏ដោយក្រសួងទេសចរណ៍បានកត់សម្គាល់ដែរថា ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរមិនមានបញ្ហា ឬការរំខានណាមួយកើតឡើងឡើយដោយគណៈបញ្ជាការឯកភាពគ្រប់រាជធានី-ខេត្ត មន្ទីរទេសចរណ៍បានចាត់កម្លាំងប្រចាំការនៅតាមគោលដៅសំខាន់ៗ និងគោលដោទេសចរណ៍នានា៕