ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាគ្រោហប្រើប្រាស់ថវិកាប្រមាណ៤ពាន់លានដុល្លារលើគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន។ នៅក្នុងកិច្ចប្រជុំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះបានឱ្យដឹងថា គម្រោងនេះត្រូវបានសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រូវការទុនវិនិយោគប្រមាណជាង៤ពាន់លានដុល្លារអាមេរិកដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការនិងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿននេះ នឹងបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែបជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិឱ្យកាន់តែរីកចម្រើនជាពិសេសគឺតាមបណ្តាខេត្ត និងក្រុងនានាដែលស្ថិតនៅតាមបណ្តោយផ្លូវ។
លទ្ធផលសិក្សាបានបង្ហាញថា គម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត មានខ្នាតទទឹងប្រវែង១ ៤៣៥មីលីម៉ែត្រ ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ១៦០គីឡូម៉ែត្រ ក្នុង១ម៉ោង និងមានស្ថានីយសរុបចំនួន៣៣សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន១៤ទៀតក្នុងផែនការរយៈពេលវែង)។ ក្នុងនោះដែរខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនីដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង៣០០ កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់និងមានបែងចែកដាច់ពីគ្នារវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញនៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោងសម្រាប់លើកដាក់ទំនិញ)៕