ភ្នំពេញ៖ កម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំងនៅក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមករា នេះនឹងធ្វើឱ្យអាកាសធាតុនៅតំបន់មួយចំនួនចុះត្រជាក់។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមករានេះថា ស្ថានភាពបែបនេះ នឹងកើតឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមករា ហើយនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី១៨-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៨-៣៣អង្សាសេ ហើយអាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។
ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី ១៥-២០អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៨- ៣១អង្សាសេ ហើយធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និង ឧត្ដរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ១៥-១៧អង្សាសេ នៅពេលព្រឹកនិងនៅពេលយប់ ។ ដោយឡែកនៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣០-៣៣អង្សាសេ នឹងអាចមានខ្យល់បក់បោកលាយឡំ និងរលកសមុទ្រខ្ពស់ផងដែរ៕