ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឱ្យដឹងថា ព្រះមហាក្សត្រកម្ពជា នឹងយាងទៅកាន់ខេត្តសៀមរាបនាពេលខាងមុខដើម្បីប្រទានភ្លើងគប់ ខណៈកម្ពុជានឹងចាប់ផ្ដើមរាប់ថយក្រោយ១០០ថ្ងៃនៃព្រឹត្តិការណ៍ស៊ីហ្គេម២០២៣នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ឱ្យដឹងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជានាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ។
នៅក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា នាពេលខាងមុខព្រះមហាក្សត្រកម្ពជានឹងយាងទៅកាន់ខេត្តសៀមរាបដើម្បីប្រទានភ្លើងគប់ ហើយភ្លើងនោះនឹងហែរទៅកាន់បណ្តាប្រទេសនានាបន្ទាប់មកទើបចូលមកកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា កម្ពុជារង់ចាំរយៈពេលប្រមាណជា៦០ឆ្នាំហើយ ដើម្បីធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមដូច្នេះព្រឹត្តិការណ៍រាប់ថយក្រោយ១០០ថ្ងៃ ត្រូវធ្វើឲ្យបានផុសផុល។ សម្តេចតេជោបានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានត្រៀមថវិកាចំនួន១០០លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលរៀបចំធ្វើឡើងនៅកម្ពុជា៕